រុស្ស៊ីកំពុងពន្លឿនច្បាប់ថ្មីដើម្បីរឹបអូសអាជីវកម្មរបស់ក្រុមហ៊ុនលោកខាងលិចណាដែលបម្រុងចាកចេញ

0

ដោយៈសុខុម

អន្តរជាតិ: ពេលនេះប្រទេសរុស្ស៊ី កំពុងពន្លឿនការអនុម័តច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យខ្លួន រឹបអូសអាជីវកម្មក្នុងស្រុកកាន់កាប់ ដោយបណ្ដាក្រុមហ៊ុនលោកខាងលិចណា ដែលសម្រេចចិត្តចាកចេញ បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូ បញ្ឆេះសង្គ្រាមចូលឈ្លានអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា នេះឱ្យដឹងថា ច្បាប់ថ្មីដែលអាចនឹងដាក់ចេញ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងផ្តល់សិទ្ធិអំណាចធំធេងដល់រុស្ស៊ី នៅក្នុងការធ្វើអន្តរា​គមន៍នៅកន្លែងណា ដែលមានការគំរាមកំហែងដល់ការងារក្នុងស្រុក ឬឧស្សាហកម្ម ហើយចំណុចនេះ ធ្វើឱ្យក្រុមហ៊ុនលោកខាងលិច កាន់តែពិបាកផ្តាច់ខ្លួនចេញពីរុស្ស៊ីភ្លាមៗ លុះត្រាតែពួកគេត្រៀមចិត្តខាតបង់ធំធេង។

ការជំរុញអនុម័តច្បាប់ថ្មី ដែលនឹងរឹបអូសទ្រព្យសម្បត្តិរបស់វិនិយោគិនបរទេសនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនលោកខាងលិចជាច្រើន រួមមាន ដូចជាក្រុមហ៊ុន Starbucks ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុនស្រាបៀរ AB InBev ជាដើមបានសម្រុកចាកចេញពីប្រទេសរុស្ស៊ី ហើយច្បាប់នេះគឺជាការបង្កើនសម្ពាធលើក្រុមហ៊ុនទាំងនោះកុំឱ្យចាកចេញ។

ការជំរុញច្បាប់ថ្មីនេះ ធ្វើឡើងស្របពេលសេដ្ឋកិច្ចរុស្ស៊ី បានធ្លាក់ចូលក្នុងវិបត្តិស្របពេលអតិផរណាហក់ឡើងពីរខ្ទង់ ក្រោយទទួលរងទណ្ឌកម្មជាបន្តបន្ទាប់ពីលោកខាងលិច។

ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីអ៉ីតាលីUniCredit ធនាគារអូទ្រីស Raiffeisen ក្រុមហ៊ុន IKEA ដែលជាប៊្រែនគ្រឿងសង្ហារិមធំបំផុតរបស់ពិភពលោក ក្រុមហ៊ុនអាហារសម្រន់ Burger King និងក្រុមហ៊ុនរាប់រយផ្សេងទៀត នៅមានអាជីវកម្មក្នុងប្រទេសរុស្ស៊ីនៅឡើយ។ ដូចនេះ ក្រុមហ៊ុនបរទេសណា ដែលព្យាយាមចាកចេញពីប្រទេសរុស្ស៊ី នឹងត្រូវជួបវាសនាមិនល្អ ពោលគឺប្រឈមការខាតបង់យ៉ាងធំធេង។

ច្បាប់ថ្មីនេះត្រួសត្រាយផ្លូវឱ្យរុស្ស៊ី ចាត់តាំងអ្នកគ្រប់គ្រងពីលើក្រុមហ៊ុនកាន់កាប់ដោយជនបរទេស ដែលមកពីបណ្តាប្រទេស “អមិត្ត” ដែលចង់ចាកចេញពីប្រទេសរុស្ស៊ី ខណៈភ្លើងសង្គ្រាមជាមួយអ៊ុយក្រែន បានទាញសេដ្ឋកិច្ចរបស់រុស្ស៊ី ឱ្យដាំក្បាលចុះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here