ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ផលទុនជាតិសរុបរបស់កម្ពុជា នឹងកើនដល់ក្នុងរង្វង់២៧,២២២លានដុល្លាអាមេរិក និងប្រាក់ចំណូលសំរាប់មនុស្សម្នាក់ នឹងកើនឡើង១,៧០៦ដុល្លាអាមេរិកក្នុង១ឆ្នាំ ខណៈការព្យាករណ៍ពីកំនើនសេដ្ឋកិច្ចនឹងកើនឡើង៧,១ភាគរយនៅឆ្នាំ២០១៩ខាងមុខ។
យោងតាមឯកសារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល Propertyarea.asia ទើបទទួលបាននាព្រឹកថ្ងៃទី២៩ តុលានេះបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ វិស័យធំៗចំនួន៣នៅបន្តរក្សាកំណើនល្អ ក្នុងនោះកំណើននៃវិស័យឧស្សាហកម្ម នឹងបន្តរក្សាភាពរឹងមាំ ដែលសម្រេចបានក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០ភាគរយ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំនើននៃវិស័យកាត់ដេរ ស្របគ្នានឹងសន្ទុះកំណើនខ្ពស់ នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ គឺទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក។
ជាមួយនេះអនុវិស័យសំណង់ គាំទ្រដោយសន្ទុះកំណើននៃសំណង់ថ្លៃមធ្យម និងសមរម្យ ចំណែកវិស័យកាត់ដេរនឹងបន្តរក្សាកំណើនដូចឆ្នាំមុន ហើយអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏រំពឹងថានឹងមានសន្ទុះកំណើនខ្ពស់ផងដែរ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា វិស័យសេវាកម្មកម្ពុជារំពឹងថា នឹងបន្តកំណើនប្រមាណ៧,០ភាគរយ ដែលគាំទ្រដោយកំណើនអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់នៃចំនួនភ្ញៀវទេសចរអន្តរជាតិ ។ ចំណែកការលក់ដុំ-រាយ នឹងរក្សាកំណើនបានល្អ ដែលគាំទ្រដោយកំណើននៃការប្រើប្រាស់ក្នុងស្រុក ដោយសារកំណើនប្រាក់ចំណូលរបស់ប្រជាជន។ ចំណែកវិស័យអចលនទ្រព្យក៏ត្រូវបានរំពឹងឡើងបន្តកំណើនខ្ពស់ ស្របតាមនិន្នាការនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យដឹកជញ្ជូនក៏ត្រូវបានរំពឹងថា នឹងបន្តរក្សាកំណើនបានដូចឆ្នាំ២០១៩ ដូចគ្នា។
រីឯវិស័យកសិកម្មវិញ អាចសម្រេចបានក្នុងកំណើនរង្វង់១,៨ភាគរយ ដែលទ្រទ្រង់ដោយអនុដំណាំនិងជលផល ក្នុងនោះអនុវិស័យដំណាំត្រូវបានរំពឹងថា នឹងមានកំណើនប្រហាក់ប្រហែលឆ្នាំមុន គឺដោយសាអំណោយផលនៃកត្តាអាកាសធាតុ ភាពប្រសើឡើងនៃប្រព័ន្ធធារាសាស្រ្ត និងកំណើនកើនឡើងនៃថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ព្រមទាំងការ កើនឡើងនៃដំណាំបម្រើឲ្យការនាំចេញដូចជាកៅស៊ូ ចេកជាដើម។ ចំណែកពាក់ព័ន្ធអនុវិស័យនេសាទ នឹងអនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថា កើនឡើងល្អផងដែរ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន គឺក្នុងអត្រា៣,១ភាគរយក្នុងឆ្នាំ២០១៩ គឺស្របតាមកំណើនរំពឹងទុកនៃកំណើនយឺត នៃថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងកំណើនយឺតជាងមុន នៃថ្លៃ ម្ហូបអាហារ។ ចំពោះអត្រាប្តូប្រាក់រៀលវិញគឺស្ថិតក្នុងរង្វង់៤០៥០រៀល ក្នុង១ដុល្លារ ក្នុងឆ្នាំ២០១៩។
ចំណែកឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) គឺត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងរង្វង់អត្រា៧,១ភាគរយ នៃផសស ក្នុងឆ្នាំ២០១៩ ក្នុងនោះចំពោះភាពប្រសើរឡើងនៃគណនីចរន្ត នឹងឆ្លុះបញ្ចាំងតាមរយៈការរំពឹងទុកនៃភាពរួមតូច នៃឱនភាពសមតុល្យពាណិជ្ជកម្ម ការកើនខ្ពស់ពីចំណូលនៃភ្ញៀវទេសចរអន្តរជាតិ និងកំណើនប្រាក់បង្វែរពីបរទេស ។
ចំណែកទុនបម្រុងអន្តរជាតិត្រូវបានរដ្ឋាភិបាលរំពឹងថា នឹងបន្តកាកើនឡើងដល់ប្រមាណ១១,០៥៩លានដុល្លារ ដែលធានាការនាំចេញបាន៦,៥ខែ នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះដែរ៕