ដំណឹងល្អ: ជន្ទល់សំខាន់ៗជំរុញសេដ្ឋកិច្ចនៅតែមានសញ្ញាវិជ្ជមាននៅឆ្នាំ២០១៩

0

ដោយគង់ សូរិយា

ភ្នំពេញ: ជន្ទល់សំខាន់ៗដែលជាកំលាំងជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា នៅតែមានកំនើនជាវិជ្ជមានសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ។

យោងលើរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលPropertyarea.asia ទទួលបាននាថ្ងៃទី៣០ តុលានេះបានឲ្យដឹងថា វិស័យឧស្សាហកម្ម នឹងបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំ១០ភាគរយ នៅឆ្នាំ២០១៩ខាងមុខនេះ ដែលគាំទ្រដោយភាពរឹងមាំ នៃវិស័យសំណង់វិស័យកាត់ដេរ និងវិស័យកម្មាន្តសាលមិនមែនកាត់ដេរ។

បើយោងតាមសេចក្តីព្រាងច្បាប់ ថវិកាឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ តាមការព្យាកណ៍កំណើននៃវិស័យឧស្សាហកម្មនៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០ភាគរយ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំណើននៃវិស័យកាត់ដេរ សន្ទុះកំណើនខ្ពស់នៃវិស័យកម្មាន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក។

របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីវិស័យឧស្សាហកម្ម អនុវិស័យសំណង់គាំទ្រដោយសន្ទុះកំណើននៃសំណង់ថ្លៃមធ្យម និងសមរម្យ តាមការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ និងភាពជឿជាក់បានចំពោះការវិនិយោគនៅកម្ពុជា ដោយជួយប៉ះប៉ូវការធ្លាក់ចុះនៃសំណង់ថ្លៃខ្ពស់មួយផ្នែក។ ចំណែកវិស័យកាត់ដេរនៅបន្តកំណើនប្រហាក់ប្រហែលឆ្នាំមុន គឺដោយសារភាពល្អប្រសើរ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសសេដ្ឋកិច្ចនៃប្រទេសបណ្តាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។

ចំណែកអនុវិស័យមិនមែនឧស្សាហកម្មកាត់ដេរវិញ ដូចជា ម្ហូបអាហារ ភេសជ្ជៈ ឧស្សាហកម្មតម្លើងយានយន្ត គ្រឿងបង្គុំ អេឡិចត្រូនិច គ្រឿងបន្លាស់ គ្រឿងសង្ហារឹម កង់ និងស៊ីម៉ង់ត៍ជាដើម ដែលសម្រាប់បម្រើឲ្យទីផ្សារនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុក នឹងមានសន្ទុះកំណើនខ្ពស់ ក្នុងការពង្រីកការវិនយោគដែលមានស្រាប់ និងសម្រាប់ការវិនិយោគថ្មីៗផងដែរ។

កាលពីឆ្នាំមុន វិស័យឧស្សាហកម្មបានក្លាយជាវិស័យនាំមុខគេ ដែលផ្តល់ផលចំណូលទុនជាតិសរុប (ផសស) ពោលគឺអនុវិស័យសំណង់ បានបន្តភាពរឹងមាំ ទោះបីមានការថមថយបន្តិចបន្តួច តាមរយៈនៃការសម្លឹងរកទីផ្សារមានតម្លៃបន្ថែមទាប ខណៈដែលអនុវិស័យកាត់ដេរកំពុងថមថយកំណើន ក្នុងនោះកំណើននេះនឹងបន្តធ្លាក់ចុះបន្តិចបន្ទួចទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខ គឺបានកើតឡើងនៃការបាត់បង់ភាពប្រកួតប្រជែង តែទោះបីយ៉ាងណាអនុវិស័យមិនមែនកាត់ដេរ នឹងបន្តរក្សាកំណើនខ្ពស់ ដែលបម្រើឲ្យការនាំចេញ និងតម្រូវការក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here