ដោយ វុត្ថា
សៀមរាប៖ រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការមេចំនួន៦ចំណុច សម្រាប់ការអភិវ ឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប សំដៅពន្យារពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិដែលបានមកលេងកម្សាន្តនៅក្នុងខេត្តទេសចរណ៍មួយនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបញ្ជាក់ឲ្យដឹងនាថ្ងៃទី៣១ តុលានេះថា នេះគឺជាគោលនយោបាយថ្មីមួយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ពិសេសគឺជាការជំរុញញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព។
ចំណុចសំខាន់ៗទាំង៦ ដែលរដ្ឋាភិបាលដាក់ចេញរួមមាន ទី១ ដាក់ចេញផែនការមេអភិវឌ្ឍក្រុងសៀមរាប ដែលត្រូវអភិវឌ្ឍជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងដែលគិតគូរពីបរិស្ថាន ដោយត្រូវធ្វើសមាហរណកម្ម ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ដើម្បីទ្រទ្រង់នឹងកំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប ទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសស្របតាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ រីឯការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស»។
ទី២ ធ្វើការសិក្សារៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនីឲ្យបានគ្រប់គ្រាន់ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងរាវអោយបានត្រឹមត្រូវតាមស្តង់ដាបរិស្ថាន។ ព្រមជាមួយនេះ ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ និងមានរបៀបរៀបរយ ដាក់ភ្លើងសញ្ញាចរាចរណ៍ឲ្យបានគ្រប់គ្រាន់ រៀបចំដាក់ភ្លើងបំភ្លឺទីក្រុងសៀមរាប រៀបចំសោភ័ណភាពតាមស្ទឹងសៀមរាប ពង្រីកផ្លូវក្នុងក្រុង ជាពិសេសផ្លូវសម្រាប់ថ្មើរជើង និងផ្លូវសម្រាប់ជិះកង់។
ទី៣ អភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀមរាប និងគាំទ្រយុទ្ធនាការ «សៀមរាប៖ ក្រៅពីប្រាសាទ» ជាពិសេសតំបន់ព្រែកទាល់ ចុងឃ្នាស បឹងទន្លេសាប ភ្នំគូលែន និងតំបន់សហគមន៍ទេសចរណ៍ តំបន់កសិ-ទេសចរណ៍ ទេសចរណ៍ជនបទ ផលិតផលទេសចរណ៍កែច្នៃផ្សេងៗ និងព្រឹត្តិការណ៍ ពិសេសទេសចរណ៍កីឡា ដើម្បីបង្កើនឧត្តមភាពប្រកួងប្រជែងនៃវិស័យទេសចរណ៍ខេត្តសៀមរាប និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។
ទី៤ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដាអាស៊ានក្នុងវិស័យទេសចរណ៍។
ទី៥ កាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស៖ ត្រូវជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។ និងទី៦ ការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន ជំរុញការអនុវត្តសៀវភៅស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា និងស្តង់ដាវាយតម្លៃកម្ពុជាសម្រាប់សេវាកម្មទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរចិន ដែលក្រសួងទេសចរណ៍បានរៀបចំ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងស្នាក់នៅរបស់ភ្ញៀវទេសចរចិនមកកាន់ខេត្តសៀមរាប។
សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៨នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរភ្ញៀវទេសចរអន្តរជាតិប្រមាណ១.៩លាននាក់ ក្នុងកំណើន៨.៤៧% ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ៨៣ម៉ឺននាក់៕