ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជាគឺជាប្រទេស ដែលមានគោលនយោបាយគាំពារវិនិយោគល្អជាងគេ ជាមួយសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម ឧស្សាហកម្មកម្មន្តសាល (ធុនស្រាល) បច្ចេកវិទ្យា និងសេវាកម្ម ដែលវិនិយោគិននូវែលហ្សេឡង់ អាចទទួលបានអត្ថប្រយោជន៍ច្រើន និងប្រាក់ចំណេញខ្ពស់ពីការវិនិយោគ។
នៅក្នុងជំនួបជាមួយ លោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូតសាធារណរដ្ឋនូវែលហ្សេឡង់ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកទីផ្សារថ្មីៗ ការកៀងគរវិនិយោគ ដើម្បីពិពិធកម្មវិស័យការងារ និងការដាក់ចេញគោលនយោបាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានឲ្យដឹងអំពីអត្ថប្រយោជន៍ នៃគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជាចំនួន ៦ចំណុចគឺ៖ មិនរើសអើងជាតិសាសន៍ មិនរឹបអូសទ្រព្យ មិនត្រូវការដៃគូក្នុងស្រុក មិនកំណត់តម្លៃទំនិញនិងសេវាកម្ម មិនកំហិតរូបិយប័ណ្ណបរទេស និងមិនត្រួតត្រាទុនវិនិយោគ ព្រមទាំងសក្តានុពលនៃវិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងឧស្សាហកម្មកម្មន្តសាល។
លោកប៉ាន សូរស័ក្តិ បន្តថា កម្ពុជាមានគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិផលមិនទាន់កែច្នៃច្រើន។ យើងចង់បានវិនិយោគិននូវែលហ្សេឡង់ មកវិនិយោគលើវិស័យកម្មន្តសាល ដើម្បីផ្ទេរជំនាញនិងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផល ដើម្បីជំរុញការនាំចេញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាការឆ្លើយតបលោក Tahamoana Aisea Cluny MacPherson បានកោតសរសើរកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណ លោកមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទិនកាលានុវត្តភាពវិនិយោគ និងសក្តានុពលរបស់កម្ពុជា។
ឯកអគ្គរដ្ឋទូតរូបនេះបានសម្តែងការចាប់អារម្មណ៍ ចំពោះគម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងបានសន្យាផ្សព្វផ្សាយដំណឹងនេះ ដល់មន្ត្រីទទួលបន្ទុកផ្នែកពាណិជ្ជកម្មនូវែលហ្សេឡង់ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាជួយកៀងគរវិនិយោគិននូវែហ្សេឡង់ ឱ្យមកបណ្តាក់ទុនកាន់តែច្រើននាពេលអនាគត៕