ដោយៈ សុខុម
ក្រុងឡាអេ: ប្រមុខអង្គការបក្សសម្ព័ន្ធមិត្តយោធា NATO បាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនាកន្លងមកថា អង្គការNATO ត្រូវបង្កើន “ការត្រៀមខ្លួនកាន់តែខ្ពស់” និងពង្រឹងសមត្ថភាពរបស់ខ្លួន ផ្នែកសព្វាវុធនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន បន្ទាប់ពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចពិភាក្សាក្រៅផ្លូវការនៅក្នុងប្រទេសហូឡង់ ជាមួយនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte និងមេដឹកនាំនៃប្រទេសដាណឺម៉ាក ប៉ូឡូញ ឡាតវី រូម៉ានី ព័រទុយហ្គាល់ និងបែលហ្ស៊ិក នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ នៅចុងខែនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី១៥ ខែមិថុនា នេះ។

ឆ្លើយតបទៅនឹងការអំពាវនាវ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ សប្ដាហ៍នេះស្នើសុំអាវុធបាញ់រយៈចម្ងាយឆ្ងាយបន្ថែមទៀត លោកJens Stoltenberg និយាយថា លោកបានយល់ស្របថា ទីក្រុងគៀវ (អ៊ុយក្រែន) គួរតែទទួលបានការផ្គត់ផ្គង់អាវុធធុនធ្ងន់បន្ថែមទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
នៅពេលសួរអំពីសំណើរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលសុំចូលជាសមាជិកអង្គការ NATO លោក Jens Stoltenberg បានឆ្លើយថា លោកកំពុងស្វែងរក “ផ្លូវបោះជំហានឆ្ពោះទៅមុខ ដែលមានការរួបរួមសាមគ្គី” ដើម្បីដោះស្រាយការប្រឆាំងជំទាស់ពីប្រទេសតួកគី ដែលមានកំហឹងចំពោះស៊ុយអែត ដែលបានគាំទ្រពួកសកម្មប្រយុទ្ធឃឺដ។
ទន្ទឹមនេះ លោក Jens Stoltenberg បានគូសបញ្ជាក់ថា អង្គការ NATO នឹងពង្រឹងសម្ព័ន្ធមិត្តបន្ថែមទៀតផងដែរ នៅពេលប្រទេសជាសមាជិកទាំង៣០ នឹងត្រូវកោះប្រជុំនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ នៅថ្ងៃទី២៩-៣០ ខែមិថុនា៕ Reuters៕