វិភាគៈ ការបន្ទន់ឥរិយាបទរបស់ចិនចំពោះអាមេរិក ជាជំហ៊ានបរាជ័យ?

0

ដោយលោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រអចលនទ្រព្យ Propertyarea.asia

ភ្នំពេញ: ការដើរថយក្រោយមួយជំហ៊ាន ដើម្បីឆ្ពោះទៅកាន់ជោគជ័យនាពេលអនាគត ទំនងជាយុទ្ឋសាស្រ្តរបស់ប្រធានាធិបតីចិនហ្សី ជីនពីងប្រធានាធិបតីចិនជាបុរសដែលមានការជឿជាក់ និងមោទនភាពនឹងខ្លួនឯងម្នាក់ ដោយសារលោកមានទស្សនវិស័យច្បាស់លាស់ និងបានកសាងសមិទ្ឋផលជាច្រើន សម្រាប់មហាប្រទេស និងប្រជាជាតិរបស់ខ្លួន។


ការទូរស័ព្ទទៅកាន់ប្រធានាធិបតីដូណាល់ ជេ ត្រាំកាលពីចុងសប្តាហ៍មុន ជាឥរិយាបទនៃការបន្ទន់ឥរិយាបទរបស់បុរសខ្លាំងចិន នៃសតវត្សរ៍ទី២១នេះ។
តួអង្គ” ឆាវ ឆាវ”នៅក្នុងរឿងនគរបី ឬសាមកុករបស់ចិនថា “ការចចារស្មើនឹងការចុះចាញ់” ប៉ុន្តែការពិតមិនមែនសុទ្ឋតែដូច្នេះឡើយ ការចចារក៏ជាការក្រាលវិថីមាស ដើម្បីសម្រេចជោគជ័យនាពេលអនាគតផងដែរ។
ផលប៉ះពាល់ដ៏មហិមា
ជាមនុស្សប្រកបដោយទស្សនវិស័យម្នាក់ និងជាមនុស្សគោរពដល់ទស្សនវិទូខុង ជឺយ៉ាងជ្រាលជ្រៅ លោកហ្សី ជីនពីងពិតជាចង់នាំចិនដើរទៅមុខឲ្យបានលឿន និងពង្រីកឥទ្ឋិពលសេដ្ឋកិច្ច នយោបាយរបស់ខ្លួននៅលើពិភពលោក ប៉ុន្តែដំណើរនេះត្រូវបានសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោកដូណាល់ ត្រាំខ្ទាស់ជើងឲ្យដួលតែមិនដួល។


ការទប់ឥទ្ឋិពលរបស់ចិន ដោយសារសហរដ្ឋអាមេរិកមានការភ័យខ្លាច ទី១ មិនចង់ឲ្យចិនដើរទៅមុខលឿនពេក និងមានឥទ្ឋិពលមកលើខ្លួន ទី២ អាមេរិកមិនចង់ឲ្យពិភពលោក មានពហុប៉ូលមហាអំណាចច្រើនពេក ទី៣ អាមេរិកមិនចង់ឲ្យចិនអាចពង្រីកនូវគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវ១លឿនពេក និងទី៤ ទោះជាមេរិកដឹងថាចិននឹងដឹកនាំពិភពលោកនាពេលអនាគតក្តី ក៏អាមេរិក មិនចង់ឲ្យពេលនោះមកដល់ឆាប់ពេកដែរ ហេតុនេះទើបអាមេរិកស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទប់ឥទ្ឋិពលចិន រុស្ស៊ីកុំឲ្យទៅមុខលឿនពេក។
ការប្រកាសចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨កន្លងមក ដែលលទ្ឋផលនៃសង្រ្គាមនេះគឺច្បាស់លាស់ណាស់ថា “ខាត ខាត”សម្រាប់មហាយក្សទាំងពីរពិតជាកើតមាន ប៉ុន្តែសំណួរសួរថា តើអ្នកណាខាតច្រើនជាង ចម្លើយគឺ”ចិន” តើអ្នកណានឹងដួល គឺ” ចិន” តើអ្នកណាអាចធន់ទ្រាំបានយូរជាងក្នុងវិបត្តិនេះ គឺអាមេរិក ហើយអាមេរិកក៏“ចំណេញ និងអាចធន់ទ្រាំបានយូរជាង”។

ការប្រកាសដាក់ការដំឡើងពន្ឋលើមុខទំនិញរាប់ពាន់មុខរបស់ចិន ដែលមានតម្លៃទឹកប្រាក់រហូតដល់៣០០ពាន់លានដុល្លារអាមេរិក ហើយចិនសងសឹកវិញបានតែ៦០ពាន់លានដុល្លារទៅលើអាមេរិកប៉ុណ្ណោះ។
បើមើលតែតួលេខនេះ យើងឃើញថាខុសគ្នាដូចមេឃ និងដី គឺចិនខាតបង់ច្រើនជាង។ នេះមិនទាន់និយាយដល់ផ្សារហ៊ុន តម្លៃរូបិយប័ណ្ណចិនធ្លាក់ចុះ និងការខាតបង់សម្រាប់ក្រុមហ៊ុនយក្សរបស់ចិន អ្នកផលិត កសិករចិន រាប់រយពាន់លានដុល្លារបន្ថែមនៅឡើយទេ។ នេះមិនទាន់រាប់បញ្ចូលដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកិច្ច សង្គមរបស់ចិន រយៈពេលវែងនៅឡើយ។

ការបន្ទន់ឥរិយាបទចិន
ថ្វីត្បិតអំណាចនៃការទិញរបស់ចិនកើនឡើង ប្រាក់ចំណូលរបស់ប្រទេសដែលមានប្រជាជន១.៣៨៦លាននាក់ បានកើនឡើងដល់៦៤៧៩,៣៨ដុល្លារក្នុងមួយឆ្នាំ(តួលេខឆ្នាំ២០១៧)ក្តី ប៉ុន្តែប្រជាជនចិនជាង៣០លាននាក់ ស្ថិតក្នុងភាពក្រីក្រនៅឡើយ ខណៈអាមេរិក៣២៥,៧លាននាក់ និងប្រាក់ចំណូល៥៩៥៣១ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ វាពិតជាខុសគ្នាឆ្ងាយណាស់រវាងអំណាចនៃការទិញ (មិនធៀបចំនួនប្រជាជន) ព្រោះអាមេរិកជាមហាអំណាចទី១របស់ពិភពលោក និងជាមជ្ឈមណ្ឌលផ្លាស់ប្តូរទំនិញ និងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាមូលដ្ឋាននៃបច្ចេកវិទ្យាពិភពលោក។

ហេតុនេះ ការបន្ទន់ឥរិយាបទរបស់ចិននាពេលនេះ ជារឿងត្រឹមត្រូវដោយសារ ទី១
ចិននៅតែជាប្រទេស ដែលមានប្រាក់ចំណូលសម្រាប់ប្រជាជននៅមានកម្រិត ទី២ ចិនមិនទាន់មានឯករាជ្យភាពខាងសេដ្ឋកិច្ច ដោយខ្លួនឯងនៅឡើយទេ ទី៣ ចិនមិនទាន់មានសាច់ដុំ រាប់ទាំងហិរញ្ញវត្ថុ សេដ្ឋកិច្ច និងអំណាចនៃការត្រួតត្រាពិភពលោកបាននៅឡើយទេ ហេតុនេះចិនត្រូវតែចចា និងសម្ងំពង្រឹងសាច់ដុំរបស់ខ្លួនសិន មុនពេលអាចប្រកួតប្រជែងជាមួយអាមេរិក។
“អ្វីៗដើម្បីប្រជាជនអាមេរិក” នេះជាសារច្បាស់លាស់ណាស់ ដែលអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំបាននិងកំពុងអនុវត្តន៍ ដែលធ្វើឲ្យពិភពលោកមិនអាចព្យាករណ៍បាន។ ទោះបីជាមេដឹកនាំនៃបណ្តាប្រទេសនានា នៅក្នុងពិភពលោករិះគន់មេដឹកនាំរូបនេះយ៉ាងណាក្តី ក៏គោលនយោបាយគាំពារនិយម និងផាត់ចោលនូវសាកលភាវូបនីយកម្មនៅតែដូណាល់ត្រាំអនុវត្តន៍ និងធ្វើមិនដឹងមិនលឺ។ ព្រោះអាមេរិកដឹងច្បាស់ណាស់ថា ខ្លួនមិនអាចឲ្យចិន និងរុស្ស៊ីងើបឡើងលឿនដូចបច្ចុប្បន្ននោះទេ បើមិនដូច្នេះឥទ្ឋិពលអាមេរិកនឹងបាត់បង់នៅលើពិភពលោក។

អ្វីៗដើម្បីប្រជាជាតិអាមេរិក ជាអ្វីដែលរដ្ឋបាលដូណាល់ត្រាំនិយាយម្តងហើយម្តងទៀត និងត្រូវតែបន្តដំណើរឆ្ពោះទៅមុខ ដើម្បីផ្តល់ប្រយោជន៍ ឧត្តមភាព និងកិត្យានុភាពអាមេរិក តាមរយៈការដាក់ចេញ និងដកខ្លួនចេញពីសន្ឋិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលខ្លួនយល់ថា មិនមានផលប្រយោជន៍ដល់ខ្លួនឯង។
ចុះប្រធានាធិបតីហ្សី ជីនពីងគិតបែបណា? វាជាសំណួរធំមួយដែលយើងសាកវិភា គទាំងអស់គ្នា។ ច្បាស់លាស់ណាស់ មេដឹកនាំដែលមានឥទ្ឋិពលបំផុតរបស់ចិន បន្ទាប់ពីលោកម៉ៅ សេទុង ពិតជាខិតខំធ្វើអ្វីៗដើម្បីប្រជាជាតិរបស់ខ្លួនផងដែរ ប៉ុន្តែដំណើរឆ្ពោះទៅមុខនេះហាក់ដូចជាត្រូវរង្គោះរង្គើរ។ ដូច្នេះមធ្យោបាយតែមួយរបស់ប្រធានាធិបតីរូបនេះត្រូវតែចចា និងត្រូវធ្វើសម្បទានដល់អាមេរិកមួយគ្រាសិន ទម្រាំមហាយក្សនេះអាចក្រោកឈរដោយខ្លួនឯង និងអាចអនុវត្តន៍គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយទទួលបានជោគជ័យ។

វាពិតជាត្រូវការបញ្ញាញ្ញាណ ការអត់ធ្មត់ ពេលវេលា និងប្រើប្រាស់នយោបាយកាតូតដ៏ប៉ិនប្រសព្វមួយ ដើម្បីអាចឲ្យចិនដើរបានលឿនជាងនេះ។ ព្រោះចិនត្រូវនៅពឹងអាមេរិកជាច្រើន ទាំងបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងអំណាចនៃមូលធនរបស់ខ្លួន។

នៅក្រោយវាំងននរបស់អាមេរិក
បន្ទាប់ពីប្រើប្រាស់នូវអាវុធ “សិទ្ឋមនុស្ស និងលទ្ឋិប្រជាធិបតេយ្យ” មិនទទួលបានជោគជ័យនៅប្រទេសចិន សហរដ្ឋអាមេរិកបាន និងកំពុងប្រើប្រាស់ឥទ្ឋិពលរបស់ខ្លួន ដើម្បីបង្រ្កាបចិនផ្នែកយោធាផងដែរ គំរាមចិនផង ក្នុងពេលចិនបានបង្កើនថវិកាជាតិរបស់ខ្លួន ដើម្បីបង្កើនឧត្តមភាពផ្នែកការពារជាតិ និងសិក្សាស្រាវជ្រាវដើម្បីស្វែងរកការផលិតអាវុធ និងយោទ្ឋោបករណ៍របស់ខ្លួនឲ្យកាន់តែមានទំនើបកម្ម ដើម្បីប្រកួតប្រជែងជាមួយអាមេរិកផង ជាមួយរុស្ស៊ីផង។


ការដាក់ចេញនូវសង្រ្គាមពាណិជ្ជកម្ម ក៏ជាសង្រ្គាមចិត្តសាស្រ្តផងដែរ ដើម្បីមើលកំលាំងរបស់ចិនអាចមានអ្វីតបតជាមួយខ្លួន។ ជាលទ្ឋផលការបន្ទន់ឥរិយាបទរបស់ចិន(ចិនចាញ់)នឹងធ្វើឲ្យអាមេរិកកាន់តែក្រអឺតក្រទម និងអាចប្រើប្រាស់ចិនក្នុងរូបភាពណាមួយ ដែលយើងនឹងលំអិតនាពេលបន្តិចទៀតនេះ។

ការបកស្រាយប្រកបដោយភាពសមហេតុសមផលមួយ គឺអាមេរិកនិងចិនខាតដូចគ្នា តែឥទ្ឋពលរបស់ចិនមិនថមថយនោះទេ ជាមួយបណ្តាប្រទេសជាសម្ព័ន្ឋមិត្តរបស់ខ្លួន តាមរយៈការបង្ហូរទុនដ៏ច្រើន ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងទាញយកផលប្រយោជន៍សម្រាប់ប្រជាជាតិរបស់ខ្លួន។

ព្រួយមួយបាញ់បានសត្វពីរ
ដូចការលើកឡើងមកខាងលើហើយ អាមេរិកជាអ្នកឈ្នះសង្រ្គាមនេះ តែអាមេរិកមិនឈ្នះតែចិននោះទេ ប៉ុន្តែអាមេរិកក៏នឹងបន្ថយឥទ្ឋិពលចិន ពិសេសរុស្ស៊ី ដោយខ្ចីកាំបិតរបស់ចិនដើម្បីកាប់រុស្ស៊ី។

តាមរយៈការបន្ទន់ឥរិយាបទរបស់ចិន សហរដ្ឋអាមេរិកនឹងអាចបំបែកនូវចំណងមេត្រីភាពរវាងចិន និងរុស្ស៊ី ដោយផ្អែកលើមូលដ្ឋានមួយចំនួន ទី១ អាមេរិកមិនចង់ឲ្យមានប៉ូលមហាអំណាចច្រើននោះទេ ព្រោះធ្វើឲ្យខ្លួនពិបាកគ្រប់គ្រងពិភពលោក ទី២ ចិននិងរុស្ស៊ីបន្ទាប់ពីរងទ័ណ្ឌកម្ម(សង្រ្គាមពាណិជ្ជកម្មលើចិន) និងការដាក់ទ័ណ្ឌកម្មលើរុស្ស៊ី ដោយចោទរុស្ស៊ីសម្រាប់ចារកិច្ចរុស្ស៊ីនៅអង់គ្លេស និងការឈ្លានពានរបស់រុស្ស៊ីនៅតំបន់គ្រីមា ប្រទេសអ៊ុយក្រែន បានធ្វើឲ្យមហាអំណាចចិន និងរុស្ស៊ីកាន់តែខិតចូលគ្នាកាន់តែខ្លាំង ដែលធ្វើឲ្យអាមេរិកដេកមិនស្កប់ប៉ុន្មាននោះឡើយ។

ហេតុនេះការដែលចិនងាកទៅរកអាមេរិក ច្បាស់លាស់ណាស់ ការបំបែកឬការឲ្យចិនដកថយពីរុស្ស៊ីច្បាស់ជាមានការលើកឡើង ក្នុងកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ ហើយសង្រ្គាមពាណិជ្ជកម្មអាចនឹងមានការបន្ឋូរបន្ថយ ប្រសិនជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលលោកដូណាល់ ត្រាំបានឲ្យមន្រ្តីរបស់ខ្លួនព្រាងឡើង ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំទាំងពីរ នៅទីក្រុងហែលស៊ីនស្គី ប្រទេសហូឡង់។

នៅចុងខែវិច្ឆិកានេះ មហាយក្សសេដ្ឋកិច្ចទាំង២០នៅលើពិភពលោក នឹងជួបប្រជុំគ្នានៅទីក្រុងហែលស៊ីនស្គី ប្រទេសហ្វាំងឡង់។ វាជាពេលវេលាមាសមួយសម្រាប់អាមេរិក និងចិន តែអាចជាសុបិនអាក្រក់មួយសម្រាប់រុស្ស៊ី បើសិនជាចិនងាករកអាមេរិក ហើយលែងលះគ្នាជាមួយរុស្ស៊ី។ តើរឿងនេះនឹងអាចកើតឡើងឬទេ?។

ផលប្រយោជន៍
នៅពេលនិយាយដល់ទំនាក់ទំនងអន្តរជាតិ ផលប្រយោជន៍ត្រូវបានគេបាំងនៅក្រោយវាំងនន ដែលគេហៅអំណាចនៃសីលធ៌មសប្បនិម្មិត ប៉ុន្តែគ្មានផលប្រយោជន៍គ្មានទំនាក់ទំនងល្អនោះទេ។ គ្មានផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ក៏គេមិនអើពើនោះដែរ។

ហេតុនេះជំហររបស់ចិននាពេលនេះ ច្បាស់ណាស់នឹងងាកទៅអាមេរិក ហើយដកថយពីរុស្ស៊ីមួយជំហ៊ានសិន ព្រោះផលប្រយោជន៍របស់ចិន ជាមួយអាមេរិកធំជាងច្រើនជាង បើធៀបជាមួយរុស្ស៊ី។
ក្នុងទំនាក់ទំនងអន្តរជាតិមិនមានសត្រូវ មិនមានមិត្តឡើយ ហើយក៏មិនមានតែមិត្តរហូតឬសត្រូវរហូតនោះដែរ គឺមានតែផលប្រយោជន៍។

ជាមួយនឹងការកើនឡើងនូវអំណាច និងឥទ្ឋិពលរុស្ស៊ី ក្រោមការដឹកនាំរបស់លោកវ្លាឌីមៀ ពូទីនបុរសខ្លាំងប្រចាំសតវត្សរ៍ទី២១រុស្ស៊ី អាមេរិកមានរឿងឈឺក្បាលជាច្រើនជាមួយមេដឹកនាំរុស្ស៊ីរូបនេះ។ ហេតុនេះការប្រើប្រាស់ព្រួញមួយ ដើម្បីបន្ថយឥទ្ឋិពលប្រទេសទាំងពីរទាំងអំណាច នៃសេដ្ឋកិច្ច និងយោធា ពិតជាជម្រើសអាទិភាពទី១របស់អាមេរិក ដែលខ្លួនត្រូវតែយកឈ្នះមួយគ្រាសិន។

ចិនចំណេញអ្វី?
គ្មានអ្នកណាធ្វើសង្រ្គាមពាណិជ្ជកម្ម ឬបន្ទន់ឥរិយាបទ ដោយសុខចិត្តចុះចាញ់គ្រប់យ៉ាងនោះទេ។
ចិនអាចងាកមកអាមេរិក កាត់បន្ថយទំនាក់ទំនងជាមួយរុស្ស៊ី តែចិនក៏ប្រើប្រាស់អំ ណាចនៃការចចាររបស់ខ្លួន ដើម្បីឲ្យអាមេរិកធ្វើសម្បទាន ដោយលុបចោលសមយុទ្ឋយោធាជាមួយតៃវ៉ាន់ និងបណ្តាប្រទេសជាសម្ព័ន្ឋមិត្តរបស់ខ្លួន នៅសមុទ្រចិនភាគខាងត្បូងផងដែរ។


សម្ព័ន្ឋមិត្តអាមេរិកជាមួយតៃវ៉ាន់ ក៏ជារឿងដែលចិនច្បាស់ជាលើកឡើង ព្រោះតៃវ៉ាន់ប្រៀបបីដូចជា ម្ជុលក្នុងកែវភ្នែករបស់ចិន តែជាគ្រាប់អុករបស់អាមេរិក ព្រោះជារឿយៗមេដឹកនាំអាមេរិក ស្ទើរគ្រប់សម័យកាល(ក្រោយតៃវ៉ាន់បែកពីចិន)តែងតែយកតៃវ៉ាន់ មកក្រឡុកចិនជាបន្តបន្ទាប់។

ហេតុនេះកិច្ចប្រជុំនៃបណ្តាមេដឹកនាំ ដែលមានសេដ្ឋកិច្ចរីកចម្រើននិងធំជាងគេទាំង២០នៅលើពិភពលោក នឹងជាវេទិកាមួយ ដើម្បីវាស់ស្ទង់លទ្ឋផលនៃជំនួបចចារវាងប្រធានាធិបតីហ្សី ជីនពីង និងអាមេរិក ហើយរុស្ស៊ីនឹងរង់ចាំអ៊ុតលទ្ឋផល ដែលរឿងទាំងនេះមិនមែនជារឿងថ្មីរបស់រុស្ស៊ីឡើយ។

ដូច្នេះជាថ្មីម្តងទៀត ការបន្ទប់ឥរិយាបទរបស់ចិន មិនមែនជារឿងចាញ់នោះឡើយ ប៉ុន្តែក៏មិនឈ្នះដែរ តែវាជាពេលវេលាល្អសម្រាប់ចិន ដើម្បីពង្រឹងអំណាច ពង្រឹងសេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងកាទូតរបស់ខ្លួនបន្ថែមទៀត។

វាជាពេលវេលាដ៏ល្អសម្រាប់ចិន ដើម្បីវាស់ស្ទង់ខ្លួនឯង និងរៀបចំយុទ្ឋសាស្រ្តឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនសាជាថ្មី មុនពេលពិភពលោកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដែលវាត្រូវការពេលវេលា ការអត់ធន់ បញ្ញាញ្ញាណ និងភាពបត់បែនមួយប្រកបភាពប៉ិនប្រសព្វ៕

LEAVE A REPLY

Please enter your comment!
Please enter your name here