ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ កំណើននៃការវិនិយោគ និងកំណើនប្រជាពលរដ្ឋ បានធ្វើឲ្យសហគ្រិនវ័យក្មេងមួយក្រុមបានសហការគ្នាបោះទុនជាង ២លានដុល្លារអាមេរិក ដើម្បីដំណើរការសាលារៀនតាមស្តង់ដាជាតិ និងអន្តរជាតិនៅក្រុងប៉ោយប៉ែត។
ស្ថាបនិក និងជានាយកសាលាអេឡេហ្កឹន លោកឃុន ជឿន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា សាលាអន្តរជាតិអេឡេហ្កឹនបានបើកដំណើរការកាលពីឆ្នាំសិក្សា២០១៦ ២០១៧ ដោយផ្តោតលើកម្មវិធីសិក្សាបីផ្នែកសំខាន់ គឺកម្រិតមតេយ្យសិក្សា និងចាប់ពីថ្នាក់ទី១ដល់ទី១២។ លោកបន្តថា ក្នុងកម្មវិធីសិក្សាត្រូវបានបែងចែកជាបីផ្នែក ទី១ ជាកម្មវិធីសិក្សាចំណេះដឹងទូទៅ ដែលធ្វើឡើងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា។
ទី២ កម្មវិធីសិក្សាអន្តរជាតិលើគ្រប់មុខវិជ្ជា ដោយសិក្សានុសិស្សត្រូវសិក្សាជាភាសាអង់គ្លេសពេញម៉ោង និងសញ្ញាបត្រត្រូវបានទទួលស្គាល់កម្រិតពិភពលោក ព្រោះយើងបានសហការជាមួយសាលា នៅតាមបណ្តាប្រទេសរីកចម្រើននានាជាច្រើន ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដាជាដើម។ ទី៣ កម្មវិធីសិក្សាចំណេះដឹងទូទៅ ដោយប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិន។
លោកឃុន ជឿនបានបន្តថា “រហូតមកទល់ពេលនេះ សាលាអន្តរជាតិអេឡេហ្កឹនទទួលបានសិស្សានុសិស្សសរុបប្រមាណ៧៥០នាក់ និងមានសិស្សានុសិស្សបរទេសជាច្រើនបានមកចូលរៀនដូចជា សិស្សានុសិស្សជនជាតិជប៉ុន ចិន កូរ៉េ វៀតណាម ថៃ ឥណ្ឌូនេស៊ីជាដើម។ លោកបន្តថា “នាពេលអនាគត យើងគ្រោងនឹងពង្រីកការវិនិយោគលើការកម្រិតឧត្តមសិក្សា ដោយបង្កើតសាកលវិទ្យាល័យនៅទីក្រុងប៉ោយប៉ែត ប៉ុន្តែយើងត្រូវរង់ចាំរយៈពេលបីឆ្នាំទៀត។
សម្រាប់តម្លៃនៃការសិក្សា គឺសិស្សានុសិស្សសិក្សាភាសាខ្មែរសម្រាប់ចំណេះដឹងទូទៅមានតម្លៃចន្លោះពី៨០០ ទៅ១០០០ដុល្លារក្នុងមួយឆ្នាំ។ ថ្នាក់ភាសាអង់គ្លេសពេញម៉ោងមានតម្លៃសិក្សាចន្លោះ១២០០ទៅ១៣៥០ដុល្លារ ការសិក្សាសម្រាប់ថ្នាក់មតេយយអន្តរជាតិមានតម្លៃចាប់ពី២៤០០ដល់៣០០០ដុល្លារក្នុងមួយឆ្នាំ។
សាលានេះមានទីតាំងនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឃុន ជឿនបានបន្តឲ្យដឹងទៀតថា ដោយសារកម្មិធីសិក្សារបស់យើងគោរពបានតាមស្តង់ដាជាតិ អន្តរជាតិ ផ្តោតលើសីលធ៌ម និងគុណភាពអប់រំជាចម្បងបានធ្វើឲ្យសាលាអន្តរជាតិអេឡេហ្កឹន ទទួលបានកំនើនសិស្សចូលរៀនជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ យើងរំពឹងថា នឹងទទួលបានកំណើនសិស្សានុសិស្ស៤០ភាគរយបន្ថែមទៀត ធៀបនឹងឆ្នាំសិក្សា២០១៧ ២០១៨កន្លងមក។
មាតា បិតា សិស្សានុសិស្សអាចទាក់ទងចុះឈ្មោះ ចូលរៀនសាលាអន្តរជាតិអេឡេហ្កឹន តាមរយៈលេខ០១២ ៨១ ៤៤ ៦៦, ០១០ ៨១ ៤៤ ៦៦ ៕