ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ មកទល់ពាក់កណ្ដាលឆ្នាំ២០២២ សកម្មភាពនៅតាមវិស័យនានានៅមិនទាន់បានប្រសើរឡើងនៅឡើយទេ ទោះបីស្ថានភាពកូវីដ១៩នៅកម្ពុជាបានធូរស្រាលជាងមុនក្ដី។ យ៉ាងណាក្ដី អ្នកជំនាញលើសេវាកម្មជួលអចលនទ្រព្យ បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះសេវាកម្មមួយនេះ ដោយរំពឹងថានឹងមានតម្រូវការខ្ពស់ឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
លោក ស៊ីម សាមីឌី ប្រធានផ្នែកលក់ក្រុមហ៊ុន RENT KH បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ មកដល់ពាក់កណ្ដាលឆ្នាំ យើងមើលឃើញថា ស្ថានភាពនៃការជួលអចលនទ្រព្យមិនទាន់បានប្រសើរឡើងនៅឡើយទេ តែយើងរំពឹងថាសេវាកម្មនេះ ទាល់តែចុងឆ្នាំ២០២២ឬដើមឆ្នាំ ២០២៣ខាងមុខអាចនឹងវិលទៅរកស្ថានភាពមុនកូវីដ១៩វិញ។
លោកបន្តថា រហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាបានប្រសើរហើយ តែស្ថានភាព នៅបណ្ដាប្រទេសមួយចំនួនទៀតមិនទាន់បានល្អដូចកម្ពុជានៅឡើយ ដូច្នេះនៅចុងឆ្នាំនេះ ស្ថានភាពកូវីដ១៩ នៅប្រទេសផ្សេងទៀត អាចល្អប្រសើរ ហើយបើកទូលាយសម្រាប់អ្នកដំណើរចេញ និងចូលប្រទេស ដើម្បីស្វែងរកការវិនិយោគនានាក្នុងប្រទេសកម្ពុជា។
លោកថា “ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មានសន្ទុះកាន់តែខ្លាំង ដោយប្រជាពលរដ្ឋកម្ពុជាមានឱកាស ក្នុងការធ្វើមុខជំនួញ និងរកស៊ី ដូច្នេះប្រាក់ចំណូលប្រជាពលរដ្ឋបានកើនឡើងធៀបនឹងសម័យកាលកូវីដ១៩ ហើយតម្រូវការនៃការជួលទីតាំងសម្រាប់អាជីវកម្ម ដូចជាការជួលផ្ទះ ជួលតូបក៏មានតម្រូវការ តែតម្រូវការនៅពេលនេះក៏មិនទាន់ស្ទុះងើបខ្លាំងដែរ”។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា សកម្មភាព វិនិយោគពីខាងក្រៅ នឹងមានសន្ទុះឡើងខ្លាំងនៅចុងឆ្នាំនេះឬក៏ដើមឆ្នាំក្រោយ ជាពិសេសវិនិយោគពីខាងក្រៅប្រទេស ដោយរំពឹងពីការហូរចូលមកវិញនៃវិនិយោគិនបរទេស ។
លោកប្រធានសមាគមបន្តថា កូវីដ១៩បានប្រសើរឡើងមែន តែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កជាបញ្ហាដល់សេដ្ឋកិច្ចសកលលោក និងនាំឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ហើយនៅពេលសេដ្ឋកិច្ចសកលបានប្រសើរ វិនិយោគិនបរទេសនឹងចេញស្វែងរកការវិនិយោគ។
លោកសុខនីមបន្តថា សម្រាប់កម្ពុជាជាប្រទេសមួយ ដែលមានសក្ដានុពល ក្នុងការទាក់ទាញវិនិយោគិនបរទេសផងដែរ។ ប្រទេសកម្ពុជាជាចំណុចកណ្ដាលនៃអាស៊ាន និងមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត។ កត្តាទាំងនេះហើយ ដែលជំរុញឱ្យវិនិយោគិនបរទេសចង់មកបណ្ដាក់ទុននិងផលិតនាំចេញទៅវិញ៕