មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋ​កិ​ច្ច៖ ក​ម្ពុ​ជា​អាច​ចាប់យក​កាលានុវត្តន៍​ភាព​ចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាងថា កម្ពុជា​អាច​ចាប់យក​កាលានុវត្តន៍​ភាព ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ស្របពេល​ដែល​ធនា​គាត​អភិវឌ្ឍន៍អាស៊ី​បាន​សិក្សា​រកឃើញថា បដិវត្តន៍​នេះ​នឹង​បង្កើត​តម្លៃ​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្រាប់​តំបន់​អាស៊ាន។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​កម្រិត​ខ្ពស់ ដែល​សហការ​រៀបចំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោម​ប្រធានបទ “តើ​បដិវត្ត​ឧស្សាហកម្ម​ទី៤ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ អាច​ជំរុញ​ការផ្លាស់ប្តូ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​របៀប​ណា? កាលពី​ចុង​សប្តាហ៍​មុន​ថា កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព​ទាំងឡាយ ដែល​កើតចេញពី​បដិវត្ត​ឧស្សាហកម្ម​ទី៤នេះ។

លោក​បន្តថា “កម្ពុ​ជាមាន​លក្ខណៈសម្បត្តិ​ជាច្រើន​ដូចជា ភាគលាភ​ប្រជាសាស្ត្រ គឺ​កម្ពុជា​កាន់តែ​សម្បូរ នូវ​ធនធាន​យុវជន​ប្រកបដោយ​ចំណេះដឹង ហើយ​អាច​ស្រូបយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​បាន​លឿន និង​កំណើន​យ៉ាង​លឿន​នូវ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​ទូរស័ព្ទ រួមជាមួយ​នឹង​អត្រា​ប្រើប្រាស់​ខ្ពស់ ការ​ស្រូបយក​បច្ចេកវិទ្យា ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម យ៉ាង​ឆាប់រ​ហ័យ​ដែល​កំពុង កើតឡើង​នៅក្នុង​គ្រប់​វិស័យ​ដែលសំខាន់ៗផងដែរ។

យោងតាម​កា​សិក្សា​របស់ ADB បាន​បង្ហាញថា នៅមុន​ឆ្នាំ២០៣០ បច្ចេកវិទ្យាថ្មីៗ នៃ​បដិវត្ត​ឧស្សាហកម្ម អាចបង្កើត​តម្លៃ​សេដ្ឋកិច្ច ដែលមាន​ទំហំ​ពី២២០ ទៅ៦២៥ ពាន់​លាន​ដុល្លារ ចូលទៅក្នុង​សេដ្ឋកិច្ច​នៃ​តំបន់ ASEAN ផងដែរ។

លោក​វ​ង្សី វិ​ស្សត​បាន​បន្តថា តាមរយៈ​បដិវត្ត​ឧស្សាហកម្ម​ទី៤នេះ អាស៊ាន​មាន​សក្តានុពល​ធំធេង ក្នុងការ​ជំរុញ​សក្តានុពល​កំណើនសេដ្ឋកិច្ច និង​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​សម្រាប់​តំបន់​របស់​យើង តាមរយៈ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ ក្នុង​បរិបទ នៃ​ការកើនឡើង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា។

លោក​បន្តថា បច្ចុប្បន្ន​ពិភពលោក កំពុង​ឈានចូល​ទៅកាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​មួយ ឬ​បដិវត្ត​ឧស្សាហកម្ម​ទី៤ ដែល​កំពុង​ជះ​ឥទ្ធិ​ព​លើ​ដំណើការ​របស់​រដ្ឋាភិបាល, ដំណើការ​របស់​អាជីវ​កម្ម និង​ការរស់នៅ​របស់​មនុស្ស​ជាតិ។ ការវិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​ប  ច្ចេក​វិទ្យា បាននិងកំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ ដោយ​រាប់​ចាប់តាំងពី​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ, ដ្រូ​ន (Drone), ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក (e-commerce), បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech), រហូតដល់​ការបោះពុម្ព 3D (3D Printing), និង​បញ្ញា​និមិត្ត (Artificial Intelligence) ជាដើម។

លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា បដិវត្ត​ឧស្សាហកម្ម​ទី៤ នឹងធ្វើ​ការផ្លាស់ប្តូ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម បង្កើន​ផលិតភាព និង​ពង្រីក​វិមាត្រ​សេដ្ឋកិច្ច​កាន់តែ​ធំ តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដូចជា ការទូទាត់ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក។ ក្នុងន័យនេះ​ ASEAN អាច​ក្លាយជា​ទីតាំង​ជួរមុខ​នៃ​ការផ្លាស់ប្តូរ តាមរយៈ​ការនាំ​មុខមុន​គេ នៃ​ការទទួលយក​បច្ចេកវិទ្យា​ដែល​ថ្មី​បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here