ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អ្នកដឹកជញ្ជូនកម្ពុជា ដែលកំពុងប្រើប្រាស់ផ្លូវជាតិលេខ៤ សម្រាប់ដឹកទំនិញឆ្លងកាត់ ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដឹកពីកំពង់ផែស្វយ័តក្រុងព្រះសីនុ ទៅកាន់បណ្ដាខេត្តផ្សេងៗ បានត្រៀមខ្លួនក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ទោះបីជាការប្រើប្រាស់ផ្លូវនេះតម្រូវឱ្យបង់សេវាក៏ដោយ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ពួកយើងជាអ្នកដឹកជញ្ជូនបានត្រៀមខ្លួន ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលនឹងត្រូវដាក់ដំណើរការនៅពេលឆាប់ៗខាងមុខនេះ ដែលផ្លូវនេះនឹងបម្រើដល់ការដឹកជញ្ជូនពីបណ្ដាខេត្ត ទៅកាន់កំពង់ផែទឹកជ្រៅ និងកំពង់ផែទឹកជ្រៅរបស់កម្ពុជាទៅកាន់បណ្ដាខេត្តវិញ ។
លោកបន្តថា“តាមអ្វីដែលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវនេះនឹងដាក់ឱ្យបើកបរសាកល្បងនៅឆាប់ៗខាងមុខនេះហើយ ហើយក្នុងរយៈពេល១ខែដំបូង ក៏មិនយកថវិកាសម្រាប់យានយន្តឆ្លងកាត់ទៀត”។ លោកបន្តថា “នៅពេលចប់១ខែក្រុមហ៊ុនដឹកជញ្ជូនរបស់យើងទាំងអស់ ក៏នៅតែប្រើប្រាស់ផ្លូវនេះដែរ ពីព្រោះថាផ្លូវនេះខ្លី ត្រឹមតែជាង១៩០គីឡូម៉ែត្រ មិនកកស្ទះចរាចរណ៍ដូចផ្លូវជាតិលេខ៤ ដូច្នេះយើងនឹងអាចចំនេញពេលវេលា ចំណេញប្រេងឥន្ធនៈបានច្រើន”។
លោកឧកញ៉ាស៊ិន ចន្ឋីបានបន្ថែមថា ផ្លូវជាតិលេខ៤ដែលយើងបានប្រើប្រាស់រាល់ថ្ងៃនេះ ពេលខ្លះយើងប្រើពេលរហូតដល់១០ម៉ោងក៏មានដែរ ពីក្រុងព្រះសីហនុ មកដល់ភ្នំពេញ តែបើយើងប្រើប្រាស់ផ្លូវល្បឿនលឿន យើងអាចប្រើប្រាស់ត្រឹមតែ៣ម៉ោង ឬ៤ម៉ោងយ៉ាងយូរយើងនឹងទៅដល់គោលដៅ ដែលអាចឱ្យយើងចំណេញពេលា ។ ម្យ៉ាងទៀតការប្រើប្រាស់ផ្លូវល្បឿនលឿន រថយន្តក៏បើកបរក្នុងល្បឿនថេរ នឹងធ្វើឱ្យយានយន្តស៊ីប្រេងតិចជាងបើកបរនៅលើផ្លូវលេខ៤ទៀតផង ។
បើតាមប្រភពក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ភ្នំពេញ ក្រុងព្រះសីហនុ នឹងបើកដំណើរការសាកល្បងនៅខែកញ្ញា២០២២ខាងមុខនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរការ និងការរំដោះចរាចរណ៍ដ៏ច្រើន នៅតាមបណ្ដោយផ្លូវជាតិលេខ៤។
ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ កម្ពុជាក៏បាននិងកំពុងសិក្សាលើគម្រោងផ្លូវល្បឿនលឿន ភ្នំពញ បាវិត ព្រំដែនកម្ពុជាវៀតណាមផងដែរ ដោយរត់កាត់តាមខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង៕