ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងដឹកជញ្ជូនប្រទេសថៃ បានពិភាក្សាគ្នា លើគំរោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ ក្នុងរាជធានីភ្នំពេញ។
លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញបានដឹកនាំកិច្ចពិភាក្សានេះ ជាមួយថ្នាក់ដឹកនាំការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ នៃក្រសួងដឹកជញ្ជូន ប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។
គោលដៅនៃកិច្ចពិភាក្សានេះ ធ្វើឡើងក្រោមគម្រោងធ្វើឱ្យប្រសើរឡើង នូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយក្រុមជំនាញ របស់ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបាន ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់បន្ថែមពីការរៀបចំប្រព័ន្ធដឹក ជញ្ជូនសាធារណៈឆ្លាតវៃ និងវិធានការល្អៗ ក្នុងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ប្រកបដោយភាពឆ្លាតវៃ៕