មហាយក្សចិនដាក់ចេញយុទ្ឋសាស្រ្តថ្មីក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ បណ្តាប្រទេសនានា

0

ដោយ : វុត្ថា
ភ្នំពេញៈ ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក មេដឹកនាំកំពូលរបស់ប្រទេសចិនបានសន្យាថា នឹងខិតខំកាត់បន្ថយអត្រាពន្ធគយថែមទៀត សម្រាប់ប្រទេសដែលជាគូទាំងអស់ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។


តាមការព្យាករណ៍ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ការនាំចូលផលិតផលពីប្រទេសដៃគូ នឹងកើនឡើងរហូតដល់៣០ទ្រីលានដុល្លារអាមេរិក ហើយសេវាកម្មក៏នឹងមានការកើនឡើងដល់១០ទ្រីលានដុល្លារអាមេរិក។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍អន្តរជាតិនាំចូលចិន (China’s International Import Expo) ដែលមានការចូលរួមពីនាយកដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកកាលពីទី៥ ខែវិច្ឆិកា ម្សិលមិញនេះបានអះអាងបន្ថែមទៀតថា គោលជំហររបស់ប្រទេសចិន គឺបន្តការពារនូវបទប្បញ្ញតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងគាំទ្ររាល់កំណែទម្រង់របស់អង្គការមួយនេះ ដើម្បីរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការធ្វើពាណិជ្ជកម្មប្រកបដោយស្មើភាព និងតម្លាភាព។
លោកបន្តថា «ប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក និងជាទីផ្សារដ៏ធំ ដែលមានសក្តានុពលអតិថិជន១,៣០០លាននាក់ ដូច្នេះចិននឹងពង្រឹងគោលនយោបាយបើកចំហរ ហើយបន្តរៀបចំពិព៌ណនាំចូលអន្តរជាតិចិននេះ ឱ្យកាន់តែធំឡើង​ៗរៀងរាល់ឆ្នាំ»។


ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំនេះ បានរៀបចំនៅលើផ្ទៃក្រឡា៣០ម៉ឺនម៉ែត្រការ៉េ ដែលមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិសរុប ចំនួន ១៧២ នៅក្នុងនោះមានក្រុមហ៊ុន សហគ្រាសចំនួន៣,៦០០ក្រុមហ៊ុន ដែលមានអ្នកបញ្ជាទិញធំៗក្នុងពិភពលោកជាង៤០ម៉ឺននាក់។
សម្រាប់ប្រទេសកម្ពុជា ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន១០ និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here