ដើមខែ​វិច្ឆិកា៖ CDC អនុម័ត​គំរោង​វិនិយោគ​ចំនួន៦ ដែលមាន​តម្លៃ​ទឹកប្រាក់ ១៧៣លាន​ដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់ CDC បានអនុម័ត​យល់ព្រម​ចុះបញ្ជីរ​វិនិយោគ​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម និង​សណ្ឋាគារ​ចំនួន៦ ដែលមាន​ទុនវិនិយោគ​ជាង ១៧៣លាន​ដុល្លា​អាមេរិក។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ដែល Propertyarea.asia ទើប​ទទួលបាន​នា​រសៀល​ថ្ងៃទី៦ វិច្ឆិកា​នេះ​ឲ្យ​ដឹងថា នៅក្នុង​វិ​ច្ឆ​កា ឆ្នាំ២០១៨នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៦ ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​គម្រោង​វិនិយោគ​លើ​ផ្នែក​ឧស្សាហកម្ម និង​ស​ណ្ឋា​ការ ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ លើ​ផ្នែក​សេដ្ឋកិច្ចកម្ពុជា​បន្ថែម។

ក្រុមហ៊ុន​ទាំង៦នោះ មានដូចជា ទី១ ក្រុមហ៊ុន LING XIU INT’L គ្រោង​សាងសង់ និង​បង្កើត​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៦សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​សរុប​មាណ​ជិត៦៩លាន​ដុល្លារ​អាមេរិក។ ក្រោយពី​ការសាងសង់​រួច សណ្ឋាគារ​មួយ​ត្រូវការ​កំលាំង​ពលកម្ម​ប្រមាណ១៣៣កន្លែង ជាពិសេស​បាន​ចូលរួមចំណែក​ដ៏​សំខាន់ ក្នុងការ​បម្រើសេវា​ដល់​វិស័យ​ទេសចរ។

ទី២ ក្រុមហ៊ុន NORO MALL ដែល​កំពុង​វិនិយោគ​ផ្សារ​ទំនើប Noro Mall មាន​ទីតាំង​ស្ថិត សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ក្នុង​ទឹកប្រាក់​ចំនួន៩,២លាន​ដុល្លារ​អាមេរិក។ ទី៣ ក្រុមហ៊ុន CATH PHARMA គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ថ្នាំពេទ្យ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលមាន​ទុនវិនិយោគ​ចំនួន ៦,៣ លាន​ដុល្លារ​អាមេរិក​ផងដែរ។

ទី៤ ក្រុមហ៊ុន CHNEITEC RENEWABLE មាន​គម្រោង​សាងសង់​ស្ថានីយ៍ ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​ក​ម្លាំ ៦០មេ​ហ្គា​វ៉ា​ត់ គ្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង៥៨ លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៥ ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ និង​ផលិតផល​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ គ្រោង​វិនិយោគទុន​ប្រមាណ​ជាង២៦លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

និង​ទី៦ក្រុមហ៊ុន SAIER (CAMBODIA) GARMENT ដែលមាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​វិញ គ្រោង​វិនិយោគទុន​ប្រមាណ​ជាង ៤លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​ទាំងនេះ​ក្រោយពី​ការសាងសង់ និង​ដាក់​ឲ្យ​ដំណ់​ការ​ជា​ផ្លូវការ​នោះ ក្រុមហ៊ុន​ទាំងនេះ ត្រូវការ​កំលាំង​ពលកម្ម​ចូលរួម​ក្នុង​វិស័យ​ការងារ​ជិត២ពាន់​កន្លែង​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here