ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជាបាននិងកំពុងចាប់ផ្តើមកសាងប្រវត្តិសាស្ត្រថ្មីជាមួយសហព័ន្ឋអារ៉ាប់រួម ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ ដើម្បីពង្រីកកាលានុវត្តន៍ភាពរបស់ខ្លួន។
សមាជិករាជវង្ស ឌូបៃ នៃសហព័ន្ធអារ៉ាប់រួម ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាព្រឹកថ្ងៃទី៦ វិច្ឆិកានេះបានឲ្យដឹងថា សហព័ន្ឋអារ៉ាប់រួមមានបំណងចូលរួមអភិវឌ្ឍន៍កម្ពុជា ឲ្យមានការរីកចម្រើនថែមទៀត និងគ្រោងវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅកម្ពុជា។ព្រះអង្គបានបន្តថា សហព័ន្ឋអារ៉ាប់រួមនឹងផ្តល់ជូនឥណទានកម្ចី (Credit line) ចំនួន៥០០លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធ អារ៉ាប់រួម ហើយនឹងសិក្សាលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះព្រះអង្គម្ចាស់ Amed Dalmook Al Maktoumក៏បានអញ្ជើញសម្តេចតេជោហ៊ុន សែនទៅបំពេញទស្សនកិច្ចនៅសហព័ន្ឋអារ៉ាប់រួម ដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរ៉ឹងមាំថែមទៀត។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជន ក៏ដូចជា សហព័ន្ធអារ៉ាប់រួម ដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្រាប់អភិវឌ្ឍធនធានមនុស្សផង ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងមានប្រសាសន៍ផងដែរថា ក្នុងករណីដែលបាន វិនិយោគក្នុងវិស័យឧស្ម័ននេះ គឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុតផង ហើយក៏ជួយក្នុងការ គ្រប់គ្រងធនធានធម្មជាតិផងដែរ ។
សម្ដេចក៏ថ្លែងអំណរគុណចំពោះព្រះអម្ចាស់ផងដែរ ចំពោះការផ្ដល់ឥណទានកម្ចី (Credit line) ចំនួន៥០០លានដុល្លារ សម្រាប់នាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅអារ៉ាប់រួម ដោយសម្ដេចបញ្ជាក់ថា នឹងពិនិត្យមើលពេលវេលាដ៏សមស្របមួយ នឹងទៅធ្វើទស្សនកិច្ចនៅទីនោះ។
ពាក់ព័ន្ធឥណទាន (Credit line) 500 លានដុល្លារនោះ សម្ដេចតេជោបានណែនាំឲ្យពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ៕