ដោយ: លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជានិងខេត្ត Jiangsuភាគខាងកើត នៃប្រទេសចិន បានចាប់ផ្តើម ផ្លូវសូត្រ E-commerce ក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។
យោងតាមលិខិតអបអរសាទរ ក្នុងឱកាសបើកសម្ភោធផ្លូវសូត្រE-commerce(Silk Road E-commerce)កាលពីថ្ងៃសុក្រ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ថា កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងគោលបំណងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។
លោក បាន បន្ត ថា “ពាណិជ្ជកម្ម អេឡិចត្រូនិក ផ្លូវ សូត្រ ត្រូវ បាន គេ សម្គាល់ ថា ជា ឱកាស សហប្រតិបត្តិការ ថ្មី សម្រាប់ សហគ្រាស ធុន តូច និង មធ្យម ក្នុង ការ នាំ ចេញ ផលិតផល កសិកម្ម កម្ពុជា ដែល មាន គុណភាព ខ្ពស់ ទៅ ទីផ្សារ ប្រទេស ចិន”។
លោកហោ ណាំហុងបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងពាណិជ្ជកម្ម បានចាត់ទុកពាណិជ្ជកម្មអេឡិចត្រូនិក ជាកម្លាំងចលករថ្មី ក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។
លោកបានមានប្រសាសន៍បន្តទៀតថា ជាមួយនឹងព្រឹត្តិការណ៍នេះ កម្ពុជា និងចិន នឹងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ និងសហការគ្នាជាយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីជំនះបញ្ហាប្រឈមនានា ដែលជួបប្រទះក្នុងអំឡុងពេលជំងឺរាតត្បាតកូវីត១៩ និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។
ទន្ទឹមនឹងនេះ លោកហោ ណាំហុងក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកតិកាសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងពីរនេះ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយលោកមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ កំពុងបម្រើជាក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគសម្រាប់ប្រទេសកម្ពុជានិងប្រទេសចិន៕