ក្នុងឆមាសទី១ គម្រោងខុនដូដែលដំណើរការឡើងវិញមានចំនួនច្រើនជាងគម្រោងបើកថ្មី

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ នៅក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ គម្រោងខុនដូ ដែលផ្អាកដំណើរការកាលពីវិបត្តិកូវីដ១៩កន្លងទៅនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញ ដែលជំរុញឱ្យសកម្មភាពសាងសង់បានកម្រើកឡើងវិញ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានឱ្យដឹងថា គម្រោងខុនដូ ដែលផ្អាកហើយបានដំណើរការឡើងវិញ ក្នុងរយៈពេលមួយឆមាសកន្លងមកនេះ មានចំនួនច្រើនជាងគម្រោងខុនដូដែលបើកថ្មី។ សកម្មភាពនេះបានធ្វើឱ្យសកម្មភាពសាងសង់នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមដំណើរការល្អ និងជំរុញឱ្យការសាងសង់នៅក្នុងប្រទេសកម្ពុជា កាន់តែមានសន្ទុះ។

អ្នកនាងបន្តថា នៅពេលគម្រោងខុនដូទាំងនោះបានចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ  សកម្មភាពលក់ខុនដូទាំងនោះក៏ចាប់ផ្ដើមបើកដំណើរការ ដែលជាការជំរុញឱ្យការទិញលក់ខុនដូចាប់ផ្ដើមប្រសើរដូចគ្នា។ យ៉ាងណាក្តី សម្រាប់គម្រោងថ្មីៗ ក្នុងរយៈពេល៦ខែនេះ មិនទាន់មានច្រើនទេ ដែលយើងបានមើលឃើញថា មានការធ្លាក់ចុះនៃទុនវិនិយោគ និងគម្រោងសាងសង់។

អ្នកនាងបន្ថែមថា ទោះបីជាយ៉ាងនេះក្ដី វាមិនបង្ហាញថាវិស័យសំណង់មិនទទួលបានការចាប់អារម្មណ៍នោះទេ គឺវានៅតែទទួលបានការវិនិយោគពីវិនិយោគិនក្នុងស្រុក គ្រាន់តែមិនមានគម្រោងធំៗគួរឱ្យកត់សម្គាល់លេចឡើងក្នុងរយៈពេល៦ខែកន្លងមកនេះ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia ក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ទីផ្សារខុនដូក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសន្ទុះ ដោយភាគច្រើននៃអតិថិជនជាអ្នកក្នុងស្រុក និងមានប្រជាជនកម្ពុជា ដែលរស់នៅក្រៅប្រទេស។ ទាំងនេះបានបង្ហាញពីការដំណើរការទីផ្សារខុនដូ និងការសាងសង់ចាប់ផ្ដើមឡើងវិញ នៅក្នុងឆ្នា២០២២នេះ។

លោកបន្តថា កំណើននេះ ជំរុញដោយការបើកប្រទេស ការចាក់វ៉ាក់សាំងកូវីដ១៩របស់ប្រជាជនបានច្រើន ដែលធ្វើឱ្យដំណើរការសេដ្ឋកិច្ចក្នុងប្រទេសចាប់ផ្ដើមមានកំណើន ជាមួយនឹងទេសចរបរទេស ចូលមកទស្សនា និងកំណើនការស្នាក់នៅក្នុងប្រទេសកម្ពុជា។ នៅពេលខាងមុខឆាប់ៗនេះ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានឹងកាន់តែមានកំណើនឡើង ជាមួយប្រជាពលរដ្ឋក្នុងស្រុកកាន់តែច្រើនក៏បានចាប់អារម្មណ៍លើការរស់នៅក្នុងខុនដូបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here