ដោយៈ សុផារី
ភ្នំពេញៈ ការអភិវឌ្ឍ និងការស្ថាបនាកែលំអផ្លូវជាតិ ផ្លូវក្រុង និងផ្លូវទីប្រជុំជន ជាពិសេសការអភិវឌ្ឍបុរី ទាមទារ និងធ្វើឱ្យតម្រូវការការប្រើប្រាស់សេវាអ៊ីនធឺណិតច្រើនជាងមុន។ នេះបើតាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កន្លងមក ពិតជាមានការលើកឡើង និងត្អូចត្អែរអំពីសេវាអ៉ីនធឺណេត នៅក្នុងគម្រោងបុរី ទាំងតូច ទាំងធំ នៅក្នុងបុរីក្នុងក្រុងភ្នំពេញ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីមូលហេតុមួយចំនួន ដែលប ណ្តាលឱ្យសេវាកម្មអ៉ីនធឺណេត នៅតាមគម្រោងបុរីមានភាពយឺតយ៉ាវ។
តាមរយៈសេចក្តីប្រកាសនោះឱ្យដឹងថា ក្នុងរយៈពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ទំហំនៃការប្រើប្រាស់សេវាអីនធឺណេត មានការកើនឡើងប្រមាណ៥០% ប៉ុន្តែការវិនិយោគលើការពង្រីកបណ្ដាញរបស់ប្រតិបត្តិករនៅមានកម្រិត និងមិនឆ្លើយតបតាមកំណើនដ៏គំហុកនេះ។
បញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៉ីនធឺណេតនៅតាមបុរី បណ្តាលមកពីហេតុផលសំខាន់ៗមួយចំនួន ជាពិសេស ការកើនឡើងយ៉ាងគំហុកនៃការអភិវឌ្ឍបុរី ដោយគ្មានមាត្រដ្ឋានបច្ចេកទេសច្បាស់លាស់ និងត្រឹមត្រូវ ឬមិនបានលៃទុកទីតាំង សម្រាប់ដំឡើងស្ថានីយអង់តែនក្នុងបុរី។ បុរីខ្លះទៀត មានការប្តឹងតវ៉ា មិនឱ្យសាងសង់ស្ថានីយអង់តែន ដោយលើកយកហេតុផលពុំសមស្រប ដូចជា ខ្លាចប៉ះពាល់ដល់សុខភាព ឬប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ជាដើម។
ក្រៅពីនេះ បុរីមួយចំនួនត្រូវបានសាងសង់ ដោយពុំបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្រោមដី ទុកជាមុន ឬពុំបានរៀបចំឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬបានរៀបចំដែរ ប៉ុន្តែមិនបានល្អ។
ចំណែក បុរីមួយចំនួនបានផ្ដល់សិទ្ធិផ្តាច់មុខ សម្រាប់តែប្រតិបត្តិករមួយ ដែលពុំទទួលខុសត្រូវក្នុងការផ្តល់សេវាឱ្យបានល្អ ដោយសមត្ថភាពនៃការផ្គត់ផ្គង់សេវាមិនសមាមាត្រ នឹងចំនួនប្រជាជននៅក្នុងបុរី។
ឧទាហរណ៍ បណ្តាញខ្សែកាបអុបទិក ដែលមានចំណុះសមត្ថភាពផ្គត់ផ្គង់១០០គ្រួសារ ប៉ុន្តែបែរជាត្រូវផ្គត់ផ្គង់ រហូតដល់៣០០-៥០០គ្រួសារ។
ក្រសួងបញ្ជាក់ទៀតថា ជាទូទៅ សេវាទូរសព្ទចល័តមានគ្របដណ្តប់នៅលំហខាងក្រៅ ប៉ុន្តែក្នុងអគារឬលំនៅដ្ឋាន ដែលមានបន្ទប់ឬជញ្ជាំងច្រើន សេវាមិនអាចចូលទៅដល់។ នៅក្នុងបុរី មានការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង សេវានិង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) យ៉ាងច្រើន។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញវិធានការ ដោយចាត់តាំងក្រុមការងារចំនួន៥ តំបន់នៅទូទាំងប្រទេស ដោយតំបន់នីមួយៗទទួលបន្ទុក៤-៥ ខេត្ត ដើម្បីចុះពិនិត្យ ស្រង់ទិន្នន័យ និងរាប់ចំនួនស្ថានីយអង់តែន ដែលប្រតិបត្តិករពុំដែលផ្ដល់ជូន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយ បញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំ កិច្ចសហការពីម្ចាស់បុរី ក្នុងការជំរុញគុណភាពសេវា។
ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង សេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) ពីព្រោះឧបករណ៍ទាំងនេះកំពុងឆ្លងរំខាន និងប៉ះពាល់ គុណភាពសេវា និងបញ្ឈប់ការនាំចូលឧបករណ៍ បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពី ន.ទ.ក. ជៀសវាងការប្រឈមនឹងវិធានការច្បាប់៕