ដំណឹងល្អៈ រដ្ឋាភិបាលកាត់ផ្ទៃដីជិត៧០០០ហិកតាពីតំបន់ការពារធម្មជាតិដើម្បីផ្តល់ជូនប្រជាជនក្រីក្រ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីប្រមាណ៧៦៥៣ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន៣ ដើម្បី​​អនុវត្ត​កម្មវិធីន៍សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងដំណាក់កាលទី៣ LASED III។

នេះបើ​តាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ។

ការកាត់ដីនេះ រាជរដ្ឋាភិបាលបានធ្វើអនុបយោគពីដី សាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖​

  • កាត់ដីទំហំ ៦០០០ហិកតា​ ចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិរវាក់ និង​ភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
  • កាត់ដីទំហំ ១២១៣ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
  • កាត់ដីទំហំ ៤៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ដីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលខេត្តទំាំងបី ជាអ្នកគ្រប់គ្រង និង​ចាត់​ចែង​​ស្របតាមនីតិវិធីជាធរមាន។

កាលពីថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាប់​ផ្តើមអនុវត្តន៍ ​គម្រោង​​បែងចែក​ដីដើម្បី​សង្គមកិច្ច និងការអភិ​វ ឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីផ្តល់​កម្មសិទ្ធ​កាន់​កាប់​ដីធ្លី ការអភិវឌ្ឍ​កសិកម្ម សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។

គម្រោង (LASED-III) ត្រូវចំណាយថវិកាសរុប១០៧លានដុល្លារអាមេរិក ក្នុងនោះ៩៣លាន​ដុល្លា​​រ​អាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក និង១៤លានដុល្លារអាមេរិកជាថវិកាបដិភាគ​ របស់​រាជរដ្ឋា​ភិ​បា​លកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here