រដ្ឋាភិបាលចិនបោះជាង៦៦ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធស្តុកទឹកជាច្រើនដើម្បីទាក់ទាញការវិនិយោគ

0

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន បានសម្រុកបង្កើនការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធអាងស្តុកទឹក ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ខណៈប្រទេ​សនេះបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា។

ក្រសួងធនធានទឹកប្រទេសនេះនិយាយថា ចាប់ពីខែមករា ដល់ខែមិថុនា ការវិនិយោគលើគម្រោងសាងសង់អាងស្តុកទឹកនានា នៅក្នុងប្រទេសនេះ មានទំហំសរុបរហូតដល់ទៅ៦៦,២៩ពាន់លានដុល្លារអាមេរិក ដោយកើនឡើងជិត៦០%បើធៀបនឹងឆ្នាំ២០២១។

ប្រទេសចិន បានផ្តួចផ្តើមគម្រោងអាងស្តុកទឹកថ្មីៗ រហូតដល់ទៅប្រ​មា​ណ១៤.០០០គម្រោងក្នុងឆមាសទី១ រួមទាំង៧៥០គម្រោង ដែលក្នុងគម្រោងនីមួយៗ មានទុនវិនិយោគដល់ទៅជាង១៥លានដុល្លារអាមេរិក ផងដែរ។

កិច្ចប្រជុំមួយកាលពីខែមិថុនា ដែលធ្វើឡើងរួមគ្នាដោយធនាគារកណ្ដាលចិន (People’s Bank of China) និងក្រសួងធនធានទឹកបានលើកឡើងថា គម្រោងអាងស្តុកទឹក អាចជួយស្រូបទាញការវិនិយោគធំៗ និងបង្កើតការងារបានយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី។

កិច្ចប្រជុំរួមនេះ បានលើកឡើងបន្ថែមទៀតថា ការវិនិយោគនេះក៏អាចការពារសន្តិសុខស្បៀង ជួយសម្រួលដល់ការអភិវឌ្ឍបៃតង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិក្នុងរយៈពេលវែងផងដែរ។

តាមការរំពឹងទុក ប្រទេសចិន នឹងបំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ សរុបដល់ទៅជាង១១៩ពាន់លានដុល្លារអាមេរិក លើគម្រោងសាងសង់អាងស្តុកទឹកក្នុងឆ្នាំ២០២២៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here