ផ្លូវជាតិដ៏សំខាន់ចំនួនពីរត្រូវបានផ្អាកការធ្វើចរាចរណ៍ដោយសារគ្រោះធម្មជាតិ

0

ដោយៈជេស៊ីកា

កំពង់ស្ពឺ/ពោធិសាត់ៈ ផ្លួវជាតិសំខាន់ៗចំនួន២ គឺផ្លូវជាតិលេខ៤ និង​ផ្លូវជាតិលេខ៥៥ ត្រូវបានផ្អាកឲ្យធ្វើដំណើរបណ្តោះអាសន្ន ដោយសារគ្រោះថ្នាក់ធម្មជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១១៦-១១៧ ដោយសភាពការណ៍អាកាសធាតុមានការប្រែប្រួល ធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សេចក្តីជូនដំណឹងដដែលបានបន្តថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ សូមប្រជាពលរដ្ឋ និងសាធារណៈជនដែលជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរដែលធ្វើចរាចរណ៍ចេញ-ចូល ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវជាតិលេខ៣ វិញ។

ជាមួយគ្នានេះ បើយោងតាមសេចក្តីរាយការណ៍ពីពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឱ្យដីនៅភ្នំធ្លាក់មកបិទផ្លូវជាតិលេខ៥៥ នៅត្រង់ចន្លោះគីឡូម៉ែត្រ១៤២-១៤៣ ដែលរាំងស្ទះក្នុងការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ។

ជុំវិញការបាក់ដីរាំងផ្លូវជាតិនេះដែរ ប្រជាពលរដ្ឋជាអ្នកដំណើរបានស្នើសុំឱ្យអាជ្ញាធរ មេត្តាចុះជួយសម្រួលយកគ្រឿងចាក់កាយដី ដែលបានធ្លាក់ចុះមករាំងផ្លូវជាតិត្រង់ចន្លោះគីឡូម៉ែត្រ ១៤២-១៤៣ នេះ ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមកបានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here