ដោយ: លាងហួរ
ពិភពលោក: តម្រូវការប្រេងពិភពលោក ត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ ទោះបីជាក្នុងល្បឿនយឺតជាងឆ្នាំ២០២២ក៏ដោយ។
អង្គការ OPEC បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ខ្លួនរំពឹងថា តម្រូវការប្រេងពិភពលោក នឹងកើនឡើង២,៧លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការព្យាករណ៍កំណើនតម្រូវការនៅឆ្នាំនេះ នៅតែមិនផ្លាស់ប្តូរនៅត្រឹម៣,៤លានបារ៉ែលក្នុងមួយថ្ងៃ។
ប្រទេសសម្ព័ន្ធមិត្តផលិតប្រេងបាននិយាយថា ការព្យាករណ៍កំណើនតម្រូវការប្រេងឆ្នាំ២០២៣ គឺផ្អែកលើការទប់ស្កាត់កាន់តែប្រសើរឡើងនៃជំងឺរាតត្បាតកូវីដ១៩ និងការរំពឹងទុកកំណើនសេដ្ឋកិច្ច ពិភពលោកយ៉ាងរឹងមាំ។
ទោះជាយ៉ាងណាក៏ដោយ អង្គការOPEC បានកត់សម្គាល់ថា ហានិភ័យធ្លាក់ចុះ នៅតែមានសម្រាប់តម្រូវការប្រេង រួមទាំងបញ្ហាប្រឈមទាក់ទងនឹងជំងឺរាតត្បាត និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ។
អង្គការ OPEC បានបង្ហាញនៅក្នុងរបាយការណ៍ខ្លួន ដោយបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក នឹងកើនឡើង៣,២ភាគរយនៅឆ្នាំ២០២៣ ដោយសន្មតថាជំងឺរាតត្បាត ការប្រែប្រួលភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត និងការរឹតបន្តឹងហិរញ្ញវត្ថុពិភពលោកចំពេលអតិផរណាកើនឡើង មិនប៉ះពាល់ជាអវិជ្ជមានដល់កំណើន នៅឆ្នាំ២០២៣ដល់កម្រិតធំមួយនោះទេ៕