អន្តរក្រសួងគ្រោងពង្រីកអាកាសយានដ្ឋានខេត្តបាត់ដំបងទៅកម្រិត4Cសម្រាប់ចុះចតយន្តហោះខ្នាតមធ្យម

0

 ដោយៈ តារា

បាត់ដំបងៈ រាជរដ្ឋាភិបាលបានដាក់ចក្ខុវិស័យ ក្នុងការពង្រីកអាកាសយានដ្ឋានខេត្តបាត់ដំបង ដែលមានស្រាប់ក្នុងកម្រិត3C ដំឡើងឱ្យទៅជាកម្រិត 4C  ដូចនឹងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នាបច្ចុប្បន្ននេះដែរ។

លោកសយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ កក្កដានេះថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានខេត្តបាត់ដំបង នៅបន្តប្រតិបត្តិការហោះហើររបស់ខ្លួន ក្នុងកម្រិត3Cនូវប្រភេទយន្តហោះតូចៗ ដែលដឹកអ្នកដំណើរបានក្រោម៧០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋាភិបាល តម្រូវឱ្យរៀបចំដំឡើងអាកាសយានដ្ឋានខេត្តបាត់ដំបងនេះ ឱ្យទៅជាកម្រិត 4C នូវប្រភេទយន្តហោះធន់កណ្តាល ដែលអាចដាក់អ្នកដំណើរបានជាង១០០ ទៅ២០០នាក់ ដូចនឹងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបដែរ។

លោកបន្តថា “អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ នៅពេលដំឡើងទៅជាកម្រិត 4C នឹងអាចហោះហើរបានចម្ងាយ៤ពាន់គីឡូម៉ែត្រ មានន័យថាប្រទេសដែលមានចម្ងាយក្នុងចន្លោះនេះ អាចហោះហើរបានទំាងអស់”។ លោកបន្តថា ស្របនឹងប្រទេសជាតិកំពុងអភិវឌ្ឍន៍ ក្រោមដំបូងសុខសន្តិភាព ដូចនេះហើយ ទើបគណៈកម្មការអន្តរក្រសួងបានជួបប្រជុំ ដើម្បីរៀបចំកញ្ចប់ថវិកា និងរួមគ្នាដោះស្រាយផលប៉ះពាល់ ដើម្បីដាក់សំណើរជូនរាជរដ្ឋាភិបាលសម្រេច”។

បច្ចុប្បន្ននេះ អាកាសយានដ្ឋានខេត្តបាត់ដំបង មានផ្ទៃដីត្រឹម១២៨ហិកតាប៉ុណ្ណោះ ហើយនៅពេលដំឡើងកម្រិតព្រលាននេះ ឱ្យទៅជាកម្រិត4C ទាមទារត្រូវពង្រីកបន្ថែមទៀត រហូតដល់ផ្ទៃដី២៩៥ហិកតា ដូចនេះគណៈកម្មការអន្តរក្រសួង ពិសេសគឺអាជ្ញាធរខេត្តបាត់ដំបង នឹងពិនិត្យលទ្ធភាពជាក់ស្តែងលើផ្ទៃដី ដែលស្ថិតនៅជាប់នឹងព្រលានខេត្តបាត់ដំបងនេះ ដែលអាចពង្រីកបាន បន្ទាប់មកគណៈកម្មការអន្តរក្រសួង តម្រូវឱ្យបង្កកផ្ទៃដីនៅជុំវិញព្រលានទំាងអស់ជាបណ្តោះអាសន្ន រង់ចាំគណៈកម្មការអន្តរក្រសួង ចុះសិក្សាដោយផ្ទាល់ ទើបសម្រេចជាគោលការណ៍តាមក្រោយបន្ត។

អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ ស្ថិតនៅស្រុកសង្កែ ក្រុងបាត់ដំបង បានកសាង និងបើកឱ្យដំណើរការនៅថ្ងៃទី២៩ ខែតុលាឆ្នាំ១៩៦៨ ជាអាកាសយានដ្ឋានហោះហើរក្នុងស្រុក ហើយត្រូវបានផ្អាកឱ្យដំណើរការហោះហើរនៅទសវត្សន៍ឆ្នាំ៧០,១៩៧៥.១៩៧៩ ក្នុងរបបប៉ុលពត៕


LEAVE A REPLY

Please enter your comment!
Please enter your name here