ដោយ វុត្ថា
ភ្នំពេញ៖ អ្នកវិនិយោគមកពីខេត្តជាំងស៊ូ នៃប្រទេសចិនលើគំរោងចំនួន៤៦ និងមានទុនវិនិយោគ៣៣៥លានដុល្លារអាមេរិកនៅកម្ពុជា ខណៈអ្នកវិនិយោគចិនបាននិងកំពុងក្លាយជាអ្នកវិនិយោគច្រើនជាងគេនៅកម្ពុជា។
យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការវិនិយោគរបស់ជាំងស៊ូរនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ មានចំនួន ៤៦គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣៣៥លានដុល្លារអាមេរិក។ គំរោងវិនិយោគទាំងនោះផ្តោតលើវិស័យជាច្រើន ដូចជាវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងឧស្សាហកម្មដទៃទៀត។
លោកជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឲ្យដឹង នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធ នៃឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ដជាំងស៊ូ ដឹកនាំដោយលោក គូ វ័នហ្វឹង (Gu WanFeng) អនុរដ្ឋមន្ដ្រីនៃនាយកដ្ឋានកិច្ចការជួរមុខ នៃគណៈកម្មាធិការខេត្ដជាំងស៊ូ មកស្វែងយល់ពីកាលានុវត្តភាពវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា និង សំណង់នៅកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញថា ប្រទេសកម្ពុជាមានភាពអំណោយផលនៃបរិយាកាសវិនិយោគ ជាពិសេស ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជាសម្រេចបាននូវ កំណើនសេដ្ឋកិច្ចជាមធ្យម៧.៧ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅ។
លោកបន្តថា “កំណើនដ៏រឹងមាំនេះបានធ្វើឱ្យកម្ពុជា ធ្វើដំណើរយ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្ដល់ទំនុកចិត្ដដល់អ្នកវិនិយោគបរទេស ឱ្យបណ្តាក់ទុនលើគ្រប់វិស័យ។
លោកជា វុទ្ធី ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ដ របស់អ្នកវិនិយោគខេត្ដជាំងស៊ូ ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ ដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើមឬពង្រីកអាជីវកម្មរបស់ខ្លួន។
លោកគូ វ័នហ្វឹង បានសម្តែងនូវអំណរគុណ ចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលស្គាល់ និងសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងមានកំណើនយ៉ាងខ្លាំង។ លោកបានសន្យានឹងខិតខំធ្វើការទាក់ទាញ និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគជាំងស៊ូ ឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាពនិងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ៕