ស្វែងយល់​ពី​អាស៊ាន! ទំហំ​ពាណិជ្ជកម្ម​អាស៊ាន-អូស្ត្រាលី​កើន​ដល់ ៥៩០០លានដុល្លារ​អាមេរិក

0

ដោយ វុត្ថា

សឹង្ហ​បុរី៖ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងពីរ​រវាង​អាស៊ាន និង​អូស្ត្រាលី​កើន​ដល់៥៩០០លាន​ដុល្លារ ដោយ​គិត​ត្រឹម​ឆ្នាំ២០១៧អាមេរិក កើន​ជាង១១,៧ភាគរយ ប្រៀបធៀប​និង​ឆ្នាំ២០១៦ ហើយ​ការវិនិយោគ​ដោយផ្ទាល់​របស់​អូស្ត្រាលី មកកាន់​តំបន់​អាស៊ាន​គឺ​កើនឡើង​ប្រមាណ៣៣,៤ភាគរយ។

ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន  បាន​គូសបញ្ជាក់ថា នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាស៊ាន និង​អូស្ត្រាលី ត្រូវតែ​បន្ត​ជំរុញ​និង​គាំទ្រ​បន្ថែមទៀត តាមរយះ​ការលើកកម្ពស់​សកម្មភាព​នៃ​ការផ្សព្វផ្សាយ​ធុរកិច្ច និង​ការពង្រឹង​ការតភ្ជាប់​រវាង​វិស័យ​ឯកជន និង​ឯកជន ក៏ដូចជា​វិស័យ​សាធារណៈ និង​ឯកជន​ដោយ​ផ្តោត​ជាពិសេស​លើ​សហគ្រាស​ធុន​តូច និង​មធ្យម។

នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​ព្រឹក​នេះ បណ្តា​មេដឹកនាំ​អាស៊ាន​ក៏បាន​ស្វាគមន៍​ចំពោះ​ការពង្រីក​ផែនការ​កូ​ឡំ​បូ​ថ្មី​របស់​អូស្ត្រាលី ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​លើកកម្ពស់​ថែមទៀត​នូវ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ឲ្យ​កាន់តែ​ទូលំទូលាយ​ដោយ​ជួយ​គាំទ្រ​ដល់​សិស្ស និស្សិត​អូស្ត្រាលី​មក​សិក្សា និង​អនុវត្ត​ការងារ​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន-អូស្ត្រាលី​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​ទាំងពីរ អាស៊ាន-អូស្ត្រាលី ពិសេស​គឺ​ការជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការតភ្ជាប់​ពី​គ្រប់ផ្នែក​ទាំងអស់ រវាង​អាស៊ាន​និង​អូស្ត្រាលី​ពិត​ជាមាន​សារៈសំខាន់​ណាស់។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ដែល​បាន​ប្រារ​ព្ឋ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​សាន់​តិច សាធារណរដ្ឋ​សិង្ហ​បុរី​នេះ ក្រោម​ប្រធានបទ «ការកសាង​នវានុវត្តន៍ និង​ភាពរឹងមាំ​របស់​អាស៊ាន» មានការ​ចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អា​ស៊ា និង​ប្រទេស​ជា​ដៃគូ​ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here