ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​រោងចក្រ​ផលិត​សម្ភារៈ​អគ្គិសនី​នៅ​ក្រុងព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន បាននិងកំពុង​សិក្សា​ស្វែងរក​ឳ​កាស​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​សម្ភារៈ​អគ្គិសនី នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស ។

លោក Hongjian Wang ប្រធាន​ក្រុមហ៊ុន Suzhou Zhongchu Puhua Electric Tecnology  មកពី​ទីក្រុង Suzhou ខេត្ត Jiangsu ប្រទេស​ចិន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ជ​នួ​ប​ជាមួយ​លោក​បណ្ឌិត  ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​របស់លោក បាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​បាន​ផលិត​ឧបករណ៍​អគ្គិសនី ដូចជា​ប្រអប់​ភ្លើង និង​កុងតាក់​បិទ​បើកភ្លើង​ជាដើម បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កំពុង​ចែកចាយ ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ផងដែរ ។

លោក​បន្តថា “ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត ឧបករណ៍​សម្ភារៈ​អគ្គិសនី​នៅ​កម្ពុជា ហើយ​ខ្ញុំ​មាន​ជំនឿ​ជឿទុកចិត្ត​យ៉ាងខ្លាំង អំពី​ការ​ចែកចាយ​ក្នុង​តំបន់ និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក ព្រោះ​ការនាំចេញ​នូវ​មុខទំនិញ​រាប់ពាន់​មុខ​ពី​កម្ពុជា គឺ​រួច​ពន្ធ និង​មិន​ជាប់​កូតា ដោយ​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ពី​ប្រទេស​អភិវឌ្ឍ​ន៌ និង​ប្រទេស​ជា​ដៃគូ​ជាច្រើន។

លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែងថា ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ មកដល់​បច្ចុប្បន្ន​បាន​កំពុង​ពូន​ជ្រុំ​យ៉ាងរឹងមាំ​ជាមួយ​មិត្ត​ចិន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម ផ្លូវ​មួយ ខ្សែរ​ក្រវ៉ាត់​មួយ​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង ។លោក​បន្តថា ពាក់ព័ន្ធ​វិស័យ​ឧស្សាហកម្ម​ចាប់តាំងពី​ឆ្នាំ២០១៥មក វិស័យនេះ​មាន​អត្រាកំណើន​ខ្ពស់ ជាង​វិស័យ​កសិកម្ម ដោយមាន​កំណើន​ប្រមាណ​ពី១០ ទៅ១២ភាគរយ​ក្នុង​មួយឆ្នាំ ស្រប​ពេលដែល​វិស័យ​កសិកម្ម មាន​កំណើន​ត្រឹម ១ទៅ ២ភាគរយ​ប៉ុណ្ណោះ។

លោក​បន្តថា ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន ដែល​ចង់​បង្កើត​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ ឯកឧត្តម​កិ​ទេសរដ្ឋមន្ត្រី​បាន​គាំទ្រ​ពេញទំហឹង ព្រោះ​ខេត្ត​ព្រះសីហនុ​ទាំងមូល រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ជា តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដែលមាន​ការសម្រួល​សេវា​រដ្ឋបាល​គ្រប់បែបយ៉ាង តាមរយៈ​យន្តការ​ច្រកចេញចូល​តែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here