ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ វិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ មានការវិវត្តយ៉ាងខ្លាំង ដែលបង្ហាញពីភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងជួយបង្កើតការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។
យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់ជាង៥៧ពាន់ការដ្ឋានសំណង់នៅទូទាំងប្រទេស។ បើគិតពីទុនវិនិយោគសរុបក្នុងវិស័យសំណង់ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ មានជាង៦៦ពាន់លានដុល្លារអាមេរិក ហើយបានផ្តល់ការងារជាមធ្យម១៥ម៉ឺននាក់ក្នុង១ថ្ងៃ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) បានថ្លែងថា រហូតដល់ពេលបច្ចុប្បន្ននេះ វិនិយោគិនអន្តរជាតិ ពិសេសចិន បានចូលមកវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ពិសេសខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្តានុពលមួយចំនួនផ្សេងទៀត ហើយតាមការព្យាករណ៍ វិស័យសំណង់នឹងអាចទទួលបានគម្រោងវិនិយោគច្រើននៅចុងឆ្នាំនេះ។
លោកបន្តថា សម្រាប់ស្ថានភាពទិញលក់អចលនទ្រព្យ នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន សកម្មភាពទិញលក់បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗហើយ។ ជាក់ស្តែង ការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះភាគច្រើនជាវិនិយោគិនក្នុងស្រុក។
យ៉ាងណាក៏ដោយ លោកនៅតែលើកទឹកចិត្តដល់ពលរដ្ឋ ដែលមានលទ្ធភាពទិញខុនដូ ឬផ្ទះល្វែងសម្រាប់ស្នាក់នៅគ្រានេះ ជាឱកាសល្អ ព្រោះតម្លៃក្នុងពេលកូវីដ១៩ស្ថិតនៅក្រោមតម្លៃទីផ្សារ។
រដ្ឋបាលរាជធានីភ្នំពេញ នាពេលថ្មីៗនេះ ឱ្យដឹងថា នៅដើមឆ្នាំ២០២២ក្នុងរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង និងអគារខ្ពស់ៗចំនួន១.៦០៣អគារ ដោយក្នុងនោះអគារកម្ពស់ចាប់ពី២០ជាន់ឡើងទៅមានចំនួន២២៥អគារ។ ដោយឡែក ក្នុងខេត្តព្រះសីហនុ គិតមកទល់ពេលនេះ អគារដែលសាងសង់រួច និងកំពុងដំណើរការមានចំនួន២៧៨អគារ និងអគារដែលបានបញ្ចប់ការសាងសង់ តែមិនដំណើរការមានចំនួន២៥១អគារ៕