លំនៅឋាននៅទីក្រុងហុងកុងប្រឈមការធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែសីហា

0

ដោយ: លាងហួរ

ហុងកុង: ប្រៀបធៀបនឹងខែកក្កដាកន្លងមក តម្លៃផ្ទះឯកជននៅទីក្រុងហុងកុងបានធ្លាក់ចុះក្នុងកម្រិត២,២៥៦ភាគរយ នៅក្នុងខែសីហា ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែកុម្ភឆ្នាំ២០១៩។

នេះបើយោងតាមទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃពុធនេះ ដោយសារស្ថានភាពទីផ្សារត្រូវបានប៉ះពាល់ ដោយការកើនឡើងអត្រាការប្រាក់។

តម្លៃផ្ទះនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុបានធ្លាក់ចុះ៦,៥ភាគរយ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។ សន្ទស្សន៍តម្លៃអចលនទ្រព្យ ស្ថិតនៅកម្រិត៣៦៨,២ ក្នុងខែសីហា ដោយធ្លាក់ចុះពីចំណុចកំពូល៣៩៨,១ក្នុងខែកញ្ញាឆ្នាំមុន។

ការកើនឡើងនៃថ្លៃកម្ចីទិញផ្ទះ និងទស្សនវិស័យសេដ្ឋកិច្ចដ៏អាក្រក់បានធ្វើឱ្យមានភាពទុទិដ្ឋិនិយមយ៉ាងខ្លាំង ក្នុងចំណោមម្ចាស់ផ្ទះ ខណៈដែលតម្លៃផ្ទះពេញមួយឆ្នាំត្រូវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល១០ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨។

លោក Cusson Leung ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យអាស៊ីរបស់ JP Morgan បាននិយាយថា ការដំឡើងអត្រាការប្រាក់តិចជាងការរំពឹងទុក គឺជាសញ្ញាវិជ្ជមាន ប៉ុន្តែទីផ្សារអចលនទ្រព្យទំនងជានឹងដាំក្បាលចុះនៅឆ្នាំ២០២៣ ដោយសារសេដ្ឋកិច្ចពិភពលោកចុះខ្សោយ។

លោក Leung បាននិយាយថា ដើម្បីឱ្យស្ថានភាពទីផ្សារវិលត្រលប់មកវិញ យើងត្រូវការជំនួយពីសេដ្ឋកិច្ចកាន់តែប្រសើរ និងទីផ្សារភាគហ៊ុនកាន់តែប្រសើរ ដោយលោកបន្ថែមថា ការបើកព្រំដែនឡើងវិញជាមួយចិនដីគោកក៏នឹងជំរុញតម្រូវការផងដែរ។

ប្រធានហិរញ្ញវត្ថុហុងកុងលោក Paul Chan បាននិយាយ កាលពីសប្តាហ៍មុន ថាលោកមិនបានឃើញហានិភ័យខ្លាំង ចំពោះទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងនោះទេ ហើយក៏មិនចាំបាច់ត្រូវកែសម្រួលវិធានការគ្រប់គ្រងអចលនទ្រព្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here