ការសិក្សា៖ តំបន់អាស៊ីអាគ្នេយ៍ក្លាយជា “ប៉ូលថ្មី” នាំមុខគេនៃកំណើនពាណិជ្ជកម្មក្នុងពិភពលោក

0

ដោយ៖ សុផារី

អាស៊ាន៖ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនលំដាប់ពិភពលោក DHL បានឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរំពឹងថា នាំមុខគេនៅក្នុងពិភពលោក ទាក់ទងនឹងកំណើននាំចេញ នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ បន្ទាប់មកតំបន់អាស៊ីខាងត្បូង និងកណ្តាល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

តំបន់អាស៊ានត្រូវបានព្យាករថា នឹងមើលឃើញកំណើនទំហំនាំចេញ៥,៦% ក្នុងរយៈពេល៥ឆ្នាំនេះ ដែលតាមពីក្រោយដោយអាស៊ីខាងត្បូង និងកណ្តាល ដែលមានកំណើននៅ៥% និងអនុតំបន់អាហ្រ្វិកសាហារ៉ា ដែលមានកំណើន៤,៤%។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ដោយដកស្រង់របាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុន DHLTrade Growth Atlas ថាតំបន់ទាំងបីនេះគឺជា “ប៉ូលថ្មី” នៃកំណើនពាណិជ្ជកម្ម។ របាយការណ៍ថ្មីនេះវាស់ស្ទង់និន្នាការ និងចក្ខុវិស័យសំខាន់ៗសម្រាប់ពាណិជ្ជកម្មសកល ដែលគ្របដណ្តប់ប្រទេសចំនួន១៧៣។

យោងតាមរបាយការណ៍ដដែលនេះ ទីផ្សារអាស៊ាន និងទីផ្សារកំពុងរីកចម្រើននានានឹងដើរតួនាទីកាន់តែធំ នៅក្នុងពាណិជ្ជកម្មពិភពលោកនាពេលអនាគត។

លោក John Pearson នាយកប្រតិបត្តិក្រុមហ៊ុន DHL Express បានមានប្រសាសន៍ថា “ពាណិជ្ជកម្មនឹងនៅតែជាកត្តាជំរុញដ៏សំខាន់នៃវិបុលភាព ដូចដែលធ្លាប់កើតមាន ក្នុងរយៈពេលជាច្រើនសតវត្សមកហើយនេះ”។

លោកបន្ថែមថា “ពាណិជ្ជកម្មអន្តរជាតិត្រូវបានចាត់ទុកថាមានសារៈសំខាន់ ជាពិសេស នៅពេលនេះ ដោយសារអំណាចរបស់ខ្លួន ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច កាត់បន្ថយអតិផរណា និងអាចឱ្យប្រទេសនានាធ្វើពិពិធកម្មប្រភពនៃធាតុចូលសំខាន់ៗ សម្រាប់ភាពធន់នឹងសេដ្ឋកិច្ច”។

ការថ្លែងរបស់លោកធ្វើឡើងក្នុងអំឡុងពេលដាក់បង្ហាញរបាយការណ៍នេះ ដែលបានសរសេរ និងបោះពុម្ពផ្សាយរួមគ្នា ដោយដោយក្រុមហ៊ុន DHL និងសាលា Stern School of Business នៃសាកលវិទ្យាល័យញូវយ៉ក។

យោងតាមការស្រាវជ្រាវនេះ ជំងឺរាតត្បាតមិនមែនជាឧបសគ្គធំ សម្រាប់ពាណិជ្ជកម្មសកល ដូចការការរំពឹងទុកបឋមនោះទេ ដោយពាណិជ្ជកម្មអន្តរជាតិខាងទំនិញ កើនឡើងដល់១០% លើសពីកម្រិតមុនរោគរាតត្បាត។

ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនសកល ត្រូវបានរំពឹងថា នឹងកើនឡើងដល់១ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣០ កើនឡើងពី៣០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here