បេសកកម្មរបស់សម្ដេចតេជោមួយសប្ដាហ៍កន្លងមកផ្ដល់ផ្លែផ្កាដល់ជាតិមាតុភូមិយ៉ាងត្រចះត្រចង់

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ហើយក៏បាននាំមកនូវលទ្ធផលផ្លែផ្កា យ៉ាងត្រចះត្រចង់ដល់ជាតិមាតុភូមិផងដែរ។

ក្នុងរយៈពេលមួយសប្ដាហ៍ សម្ដេចនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក  ការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ជាលទ្ធផលនៃបេសកកម្មក្រៅ ប្រទេសរបស់សម្ដេចតេជោ រយៈពេលមួយសប្ដាហ៍កន្លងទៅនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កា យ៉ាងត្រចះត្រចង់ សម្រាប់ជាតិ ក្នុងនោះទាក់ទងនឹងសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចនាយករដ្ឋមន្ត្រីបា​នអញ្ជើញធ្វើសេចក្ដីថ្លែងការជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។

បទអន្តរាគមន៍អន្តរជាតិនេះ បានផ្ដោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងផ្នែកសន្តិសុខជាសកល ដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីគោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច សង្គមយូរអង្វែង ។

សម្រាប់ដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសគុយបា សម្ដេចតេជោ បានទទួលជួបជាមួយថ្នាក់ដឹកនាំ របស់ប្រទេសគុយបាសំខាន់ៗដូចជា ប្រធានាធិបតីគុយបា ប្រធានរដ្ឋសភាគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត រួមទាំងការចុះហត្ថលេខា លើឯកសារសំខាន់ចំនួន៣ផងដែរ សម្រាប់បម្រើប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ  និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here