ដំណឹងល្អ កម្ពុជានឹងទទួលបានចំណូលពីករណីប្រេងឆៅ៣០ម៉ឺនប៉ារែលដែលបាត់ក្នុងរយៈពេល៣០ថ្ងៃ

0

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជាបានដោះស្រាយបញ្ចប់ករណីប្រេងឆៅជិត៣០ម៉ឺនប៉ារែល ដែលត្រូវបានកប៉ាល់ផ្ទុកប្រេងបើករត់គេច ដោយក្នុងនោះចំណូលពីការលក់ប្រេងកំពុងស្ថិតក្នុងការវាយតម្លៃ ដែលនឹងទទួលចំណូលក្រោយរយៈពេល៣០ថ្ងៃ។

នេះបើយោងតាម លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

លោក ជៀប សួរ បានបញ្ជាក់ថា “ប្រេងឆៅរបស់កម្ពុជា ដែលបាត់ជិត៣០ម៉ឺនប៉ារែលនោះ បានផ្ទេរចេញពីកប៉ាល់ MT Strovolos ទៅកប៉ាល់មួយទៀតហើយ ប៉ុន្ដែការទូទាត់មានរយៈពេល៣០ថ្ងៃ ក្រោយពីការផ្ទេរនេះ”។

លោកបន្តថា “ថ្លៃប្រេងដែលលក់ មិនទាន់កំណត់ច្បាស់នោះទេ ដោយសារតែយើងឯកភាពគ្នា យកមធ្យមភាគថ្លៃ នៅក្នុងខែកញ្ញា។ ប៉ុន្ដែ ជារួមចំណូលពីការលក់ប្រេងនឹងទទួលបានក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីការផ្ទេរប្រេង និងការគិតគូរពីថ្លៃមធ្យមភាពប្រេង ដែលលក់បាន និងការទូទាត់លើការចំណាយផ្សេងៗ”។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីខែសីហាកន្លងទៅដោយវាយតម្លៃបឋមថា កម្ពុជាអាចទទួលចំណូលបានខ្ទង់២០លានដុល្លារអាមេរិក រួមទាំងប្រាក់តម្កល់៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ក៏នឹងក្លាយជាចំណូលរបស់កម្ពុជាផងដែរ។

ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ទទួលបានសិទ្ធិបូមដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជាពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រោយមក ក្រុមហ៊ុននេះបានប្រកាសក្ស័យធន ហើយបានជួលនាវា MT Strovolos ហើយបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន២៩៥.០០០បារ៉ែល។ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារយកប្រយោជន៍ ពីប្រេងឆៅទាំងនោះត្រឡប់មកកម្ពុជាវិញ រហូតទទួលបានលទ្ធផលដោយទទួលបានចំណែក៧០% ពីការលក់ប្រេងឆៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here