សម្តេចតេជោ ហ៊ុន សែន៖ វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច ដោយសារការរីកចម្រើននៃវិស័យឯកជន បានជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ហើយនៅពេលវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធជូនរដ្ឋក៏កាន់តែច្រើនដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣.៨៦៦នាក់ នារី៣.៣៨២នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោ​បានមានប្រសាសន៍ថា វិស័យឯកជន បាននិងកំពុងពង្រឹងខ្លួនឡើង ដែលទាមទារនូវធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច។

សម្ដេចតេជោមានប្រសាសន៍បន្តថា ធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សានានា គឺមួយផ្នែកធំបានវិស័យឯកជនទទួលយកទៅធ្វើការ ដោយម្ខាងដោះស្រាយធ្វើការងារឲ្យនិស្សិត និងម្ខាងទៀត គឺដើម្បីការរីកចម្រើននៃវិស័យឯកជនខ្លួនឯង។

សម្ដេចតេជោលើកឡើងថា មានអ្នកខ្លះនិយាយថា ការរីកចម្រើននៃក្រុមហ៊ុនខ្លួ​នឯង​ ជាផលប្រយោជន៍របស់ឯកជន តែអ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងរបស់វា រវាងវិស័យឯកជន ជាមួយសង្គមជាតិនោះទេ។

សម្ដេចតេជោ បានថ្លែងបន្ថែមទៀតថា “វិស័យឯកជន រីកធំធាត់កាលណា គឺវាជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងតាមរយៈនៃការបង់ពន្ធវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន ហើយដែលការបានប្រាប់ពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ​ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការរបស់យើង”។

សម្តេចតេជោបានអះអាងថា កម្ពុជាតែងតែទទួលបានចំណូលពីពន្ធដារប្រមាណ២៥០លានដុល្លារ យ៉ាងតិចជារៀងរាល់ខែ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here