ដោយ៖ សហការី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ។
មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ មានប្រតិភូផ្នែកកីឡាប្រមាណ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។
ដើមឡើយ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១នេះ គ្រោងធ្វើឡើងនៅប្រទេសចិន ប៉ុន្តែដោយសារការពន្យារពេលនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២នៅចិន ត្រូវបានលើកពេលទៅឆ្នាំ២០២៣ ទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្តល់សិទ្ធិជូនកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះ គឺជាឱកាសដ៏កម្រមួយសម្រាប់កម្ពុជាក្នុងស្វះស្វែងរកការគាំទ្រឱ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជា ដែលកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។
លោកបានអះអាងថា ការធ្វើម្ចាស់ផ្ទះមហាសន្និបាតនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ដូចជាការជួយផ្សព្វផ្សាយពីកម្ពុជាតាមបណ្តាញសារព័ត៌មានអន្តរជាតិទៅកាន់ពិភពលោក។
បន្ថែមពីលើនោះព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជា ជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិ ក្នុងគោលបំណងជួយពង្រឹងការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជា។ ជាពិសេសជំរុញបន្ថែមដល់ចលនាកីឡាពិភពលោក មើលឃើញពីសក្តានុពលរបស់កម្ពុជា។
លោកបានលើកឡើងថា “នេះជាពេលវេលាដ៏ល្អមួយដែលសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានមើលឃើញពីសក្តានុពលកម្ពុជានូវវិស័យកីឡា សេដ្ឋកិច្ច ជាពិសេសកត្តាចម្បងនៃម្លប់សន្តិភាពរបស់កម្ពុជា ដែលកំពុងបោះជំហាននៃការ អភិវឌ្ឍលើគ្រប់វិស័យពីមួយដំណាក់កាលទៅមួយដំណាក់កាល ខណៈគោលដៅនៃសុខសុវត្ថិភាពពីជំងឺកូវីដ១៩ ក៏ត្រូវបានអន្តរជាតិបានលើកឡើងផងដែរ”។
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានសមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤៕