ដោយ៖ សហការី
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងវិនិយោគទាំង១៥០គម្រោងនេះភាគច្រើន រួមមាន គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ គម្រោងផលិតសំបក កង់យានយន្ត រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
គម្រោងវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងចំនួន១៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ១០១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខវៀងទី១ ដោយបានចូលរួមចំណែកប្រមាណ៥១% នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី២៕