IMF ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល និង​ទស្សន វិស័យ​ពិភពលោក​កាន់តែអាប់អួរ

0

ដោយ: លាងហួរ

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននឹងកំពុងបន្ទាបការព្យាករណ៍របស់ខ្លួនម្តងទៀត សម្រាប់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ដោយព្យាករណ៍ថាកំណើនសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះដល់ទៅ៤ពាន់ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦។

លោកស្រីKristalina Georgieva នាយកគ្រប់គ្រងIMF បានថ្លែងប្រាប់ក្រុមហ៊ុន និស្សិតនៅសាកលវិទ្យាល័យ Georgetown កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អ្វីៗទំនងជាកាន់តែអាក្រក់ មុនពេលវាកាន់តែប្រសើរឡើង ដោយលោកស្រីនិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ បានផ្លាស់ប្តូរទស្សនវិស័យរបស់ IMF យ៉ាងខ្លាំងលើសេដ្ឋកិច្ច។

ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តកើនឡើង អតិផរណា និងលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ ក៏កំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិផ្សេងៗទៀត ដូចជាអសន្តិសុខស្បៀង និងកម្រិតបំណុលខ្ពស់ ដែលគ្រប់គ្រងដោយប្រទេស ដែលមានចំណូ​លទាប។

លោកស្រីបានបន្តថា “IMF ប៉ាន់ប្រមាណថាប្រទេស ដែលបង្កើតបាន១/៣នៃសេដ្ឋកិច្ចសកល នឹងជួបប្រទះការធ្លាក់ចុះនៃសេដ្ឋកិច្ច២ត្រីមាសជាប់ៗគ្នានៅឆ្នាំនេះ ឬឆ្នាំក្រោយ”។

លោកស្រីGeorgieva បាននិយាយថាស្ថាប័ននេះ បានបន្ទាបការព្យាករណ៍កំណើនពិភពលោក របស់ខ្លួន៣ដងរួចទៅហើយ។

លោកស្រីGeorgieva បានបន្ថែមថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុច្រើនពេក និងលឿនពេក ហើយការធ្វើដូច្នេះក្នុងលក្ខណៈស៊ីសង្វាក់គ្នានៅទូទាំងពិភពលោក អាចរុញច្រានសេដ្ឋកិច្ចជាច្រើន ឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយូរអង្វែង។

សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន កំពុងរងផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយការព្យាករណ៍របស់ IMF គឺដូចទៅនឹងការព្យាករណ៍ផ្សេងៗទៀត សម្រាប់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here