ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកStefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានសម្តែងការកោតសរសើរនិងអបអរសាទរចំពោះសម្តេចតេជោ ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោកទូតបានលើកឡើងបែបនេះ ក្នុងឱកាស ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។
លោកជំនួបនេះ លោកStefan បានគោរពសម្ដែងនូវការរីករាយដែលលោក ត្រូវបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជាតាមបំណងរបស់ឯកឧត្តម។ លោកStefan ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់ មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា ។
ជាមួយគ្នានោះដែរ ឯកឧត្តម Stefan ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ លោក និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តម Stefan ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម Stefan ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់សម្ដេចតេជោ ចំពោះការជួយស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ និងសំដែងនូវការអបអរសាទរចំពោះ លោកStefan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយសម្ដេចបានមានប្រសាសន៍ថា “រាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេសថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់បានជួយកម្ពុជាយើង ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩”។
ចំពោះសង្គ្រាមនៅអ៊ុយក្រែនសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន គឺជារឿងមួយ តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៊ី អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូលផង ក្នុងនោះក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះករណីនេះ គប្បីណាមានការពិនិត្យមើលឡើងវិញ ។
ចំពោះករណីប្រទេសមីយ៉ាន់ម៉ាវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ការប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្ដីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង សម្រាប់តំបន់ផងនិងពិភពលោកផង។
ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោផ្ទាល់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នោះ គឺទី១-ដើម្បីជំរុញឱ្យមានការឈប់បាញ់គ្នា ទី២-ចង់ឱ្យមានការជួយផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែត្រូវការ និងទី៣-ជំរុញឱ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែពុំទទួលបានជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា “យើងត្រូវតែមានការអត់ធ្មត់នឹងប្រឹងប្រែងបន្តទៀត”៕