ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាកើនឡើងឈាន ដល់៤១ពាន់លានដុល្លារ

0

ដោយៈ សុខុម

ភ្នំពេញ: ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា បានឈានដល់៤១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ ដោយសម្រេចបានកំណើន១៨% បើធៀបនឹង៣៤,៧៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១០ ខែតុលា ថា ការនាំចេញសរុបរបស់កម្ពុជា មានទំហំ១៧,២៥ពាន់លានដុល្លារ អំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ដោយកើនឡើង២២,១% ហើយការនាំចូលសរុបបានឈានដល់២៣,៧៦ពាន់លានដុល្លារ ដោយកើនឡើង១៥,២%។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រ​សា​សន៍ថា កំណើននេះសម្រេចបាន ដោយសារតែការចាប់ផ្តើមឡើងវិញពេញលេញនូវសកម្មភាពសេដ្ឋកិច្ច- សង្គមនៅកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលរួមមានទាំងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ព្រមទាំងការកើនឡើង នូវតម្រូវការទូទាំងពិភពលោកផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមRCEP គ្របដណ្ដប់ប្រទេ​សជាច្រើន រួមមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

លោកJoseph Matthews សាស្ត្រាចារ្យនៅសកលវិទ្យាល័យប៊ែល​ធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ពិតជាបានជួយជំរុញ ឱ្យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនឡើង។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា គ្រប់ប្រទេសជាសមាជិកទាំងអស់បានទទួលផល និងបន្តទទួលផលចំណេញពីកិច្ចព្រមព្រៀង RCEP ជាពិសេសប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here