ដោយ: លាងហួរ
ប៉េកាំង: រដ្ឋលេខាធិការក្រសួងធនធានទឹក នៃប្រទេសចិន លោក Liu Weiping បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសចិនបានបណ្តាក់ទុនចំនួន៨២៣,៦ពាន់លានយ័ន (ប្រហែល១១៥,៨៨ពាន់លានដុល្លារអាមេរិក) លើឧបករណ៍អភិរក្សទឹក ចាប់ពីខែមករា ដល់ខែកញ្ញា កើនឡើង៦៤,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Liu បានប្រាប់សន្និសីទសារព័ត៌មានថា ក្នុងរយៈពេល៩ខែដំបូង ប្រទេសចិនបានចាប់ផ្តើមសាងសង់លើគម្រោងអភិរក្សទឹកសំខាន់ៗចំនួន៤២ ជាមួយនឹងការវិនិយោគសរុបជាង១,៩ពាន់ពាន់លានយ័ន។
លោក Liu បានបន្តថា ប្រទេសចិនបានបញ្ចប់គោលដៅប្រចាំឆ្នាំ នៃការវិនិយោគ៨០០ពាន់លានយ័ន់ នៅក្នុងគម្រោងអភិរក្សទឹករយៈពេល៣ខែ មុនការគ្រោងទុក។
លោក Liu បានបន្ថែមថា “នេះគឺដោយសារតែយើងបានប្រើប្រាស់វិធានការរក្សាស្ថិរភាពសេដ្ឋកិច្ចដ៏ល្អបំផុត និងគោលនយោបាយជាបន្តបន្ទាប់គ្នា ហើយប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងទៀត ដូចជា មូលបត្របំណុលពិសេសរបស់រដ្ឋបាលក្នុងស្រុក និងដើមទុនឯកជន ក៏ត្រូវបានប្រើប្រាស់បានយ៉ាងល្អផងដែរ”។
លោកបានបញ្ជាក់ថា ប្រទេសចិននឹងបន្តវិនិយោគលើការសាងសង់កន្លែងអភិរក្សទឹកនៅក្នុងត្រីមាសទី៤ ដើម្បីធានាបាននូវការវិនិយោគប្រចាំឆ្នាំរបស់ខ្លួនលើសពី១ពាន់ពាន់លានយ័ន៕