សេដ្ឋកិច្ចប្រទេសចិនកំពុងធ្លាក់ក្នុងបញ្ហាយ៉ាងជ្រៅ ខណៈលោកស៊ី ជីនភីងត្រៀមកាន់អំណាចបន្ត

0

ដោយៈ សុខុម

ហុងកុង: នៅពេលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានឡើងកាន់អំណាចកាលពីមួយទសវត្សរ៍មុន ប្រទេសចិន ទើបតែបានវ៉ាដាច់ប្រ​ទេសជប៉ុន  និងបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកប៉ុណ្ណោះ។

សេដ្ឋកិច្ចប្រទេសនេះ បានរីកចម្រើនយ៉ាងលឿន ចាប់តាំងពីពេលនោះមក។ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម៦,៧% ចាប់តាំងពីឆ្នាំ២០១២ ប្រទេសចិន បានក្លាយជាសេដ្ឋកិច្ចយក្ស ដែលរីកចម្រើនលឿនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

យោងតាមធនាគារពិភពលោក (World Bank) ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ផលទុនជាតិសរុប (GDP) របស់ប្រទេសចិន បានកើនឡើងដល់ជិត១៨ទ្រីលានដុល្លារ ដែលស្មើនឹង១៨,៤% នៃសេដ្ឋកិច្ចពិភពលោកទាំងមូល។

ភាពជឿនលឿនខាងបច្ចេកវិទ្យា យ៉ាងឆាប់រហ័សរបស់មហាយក្សចិន ក៏បានធ្វើឱ្យប្រទេសនេះ ក្លាយជាការគំរាមកំហែង ជាយុទ្ធសាស្ត្រដល់សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

ប្រទេសចិន កំពុងរុញច្រានសហរដ្ឋអាមេរិក ដែលជាគូប្រជែងធំរបស់ខ្លួន ឱ្យរបូតចេញពីតំណែងបងធំទី១ របស់ពិភពលោកដែលមានជាយូរមកហើយនៅក្នុងវិស័យនានា រាប់ចាប់ពីបច្ចេកវិទ្យា5G រហូតដល់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត)។

រហូតមកដល់ពេលថ្មីៗនេះ អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនថែមទាំងបានព្យាករណ៍ថា ប្រទេសចិន នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០៣០ ដោយផ្ដួលសហរដ្ឋអាមេរិក ថែមទៀតផង។

ទោះជាយ៉ាងណា ពេលនេះស្ថានភាពហាក់មិនសូវល្អប៉ុន្មានឡើយសម្រាប់មហាយក្សចិន។

នៅពេលលោកស៊ី ជីនភីង ត្រៀមខ្លួនចូលកាន់អំណាច សម្រាប់ទស​វត្សរ៍ទី២ លោកបានប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដែលកើនឡើងកាន់តែច្រើន រួមទាំងវណ្ណៈកណ្តាល ដែលមិនសប្បាយចិត្ត នឹងការដឹកនាំរបស់លោកផងដែរ។

ប្រសិនបើលោក មិនអាចធ្វើឱ្យសេដ្ឋកិច្ចចិន វិលមករកភាពប្រក្រតីឡើងវិញបានទេ នវានុវត្តន៍ថ្មី និងផលិតភាពរបស់ប្រទេសចិន នឹងធ្លាក់ចុះ ហើយក៏ប្រឈមនឹងមហាជន មិនពេញចិត្តនឹងលោកកាន់តែច្រើនឡើង។

លោកDoug Guthrie នាយកផ្នែកគំនិតផ្ដួចផ្ដើមចិន (China Initiatives) នៅសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យអាមេរិក Arizona State University បានលើកឡើងថា “អស់រយៈពេល៣០ឆ្នាំមកហើយ ដែលប្រទេសចិន បានស្ថិតនៅលើផ្លូវមួយ ដែលផ្តល់ក្តីសង្ឃឹមខ្លាំងដល់ប្រជាជនរបស់ខ្លួន”។

លោកបានបន្ថែមថា ប្រទេសចិន កំពុង“មានបញ្ហាកាន់តែជ្រៅនៅពេលនេះ”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here