ត្រឹម២សប្ដាហ៍ក្នុងខែតុលា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៧មានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទោះស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់នៃសេដ្ឋកិច្ចសកល ប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ជាពិសេសការវិនិយោគឧស្សាហកម្ម។ ជាក់ស្ដែង នៅក្នុងសប្ដាហ៍ទី២នៃខែតុលា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន៧ ដែលមានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយ ជាបន្តបន្ទាប់ ក្នុងសប្ដាហ៍ទី២ នៃខែតុលានេះ មានគម្រោងចំនួន៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីអនុញ្ញាតឱ្យវិនិយោគជាផ្លូវការ ក្នុងចំណោមគម្រោងទាំងនោះ ភាគច្រើនជាគម្រោងរោងចក្រឧស្សាហកម្ម។

សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៣ ដែលមានទឹកប្រាក់ជិត២០លានដុល្លារអាមេរិក ខេត្តតាកែវមាន១គម្រោង មានទឹកប្រាក់៥,២លានដុល្លារអាមេរិក ខេត្តកណ្ដាលមាន១គម្រោង មានទឹកប្រាក់៥,៥លានដុល្លារ ខេត្តកំពង់ស្ពឺមាន១គម្រោង មានទឹកប្រាក់៥,៨លានដុល្លារនិងរាជធានីភ្នំពេញ មានទឹកប្រាក់៥,១លានដុល្លារអាមេរិក។

ការអនុម័តគម្រោងរោងចក្រ ជាបន្តបន្ទាប់នេះ បានជំរុញឱ្យតម្រូវការដីធ្លី នៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មរោងចក្រ មានកំណើនកាន់តែច្រើនឡើង និងធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងទៅតាមតម្រូវការនោះដែរ។

លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងឱ្យដឹងនៅថ្ងៃទី១៧ ខែតុលានេះថា ចាប់តាំងពីរាជរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឃើញថា វិនិយោគិនចាប់ផ្ដើមសម្លឹងមើលលើការវិនិយោគក្នុងខេត្តស្វាយរៀងច្រើន ជាពិសេស នៅក្នុងក្រុងបាវិត។

លោកបន្តថា ក្នុងរយៈពេលចុងក្រោយនេះ គម្រោងសាងសង់ ដែលបានជាប់គាំងនៅខេត្តស្វាយរៀង មានការចាប់ផ្ដើមសាងសង់ឡើងវិញជាបន្តបន្ទាប់ផងដែរ ដែលជាសញ្ញាវិជ្ជមានសម្រាប់គម្រោងនានា  និងការទាក់ទាញការវិនិយោគថ្មីៗទៀតផង។

លោកក៏រំពឹងថា តំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគបន្តទៀត និងអាចផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង និងបណ្ដាខេត្តជាប់នឹងខេត្តស្វាយរៀងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here