កម្ពុជា ទីម័រឡេស្តេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន២

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ លោបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចធ្វើឡើង តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត Jose Ramos-Horta នឹងចូលក្រាបបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ លោកប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពី ពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត Jose Ramos-Horta នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម បណ្ឌិតចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here