ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែតបានថ្លែងថា សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។
លោកបន្ថែមថា “ដូច្នេះគោលដៅសំខាន់ នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ”។
លោកបណ្ឌិតហ៊ុន ម៉ាណែតមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន។
លោកបណ្ឌិត ហ៊ុន ម៉ាណែតបានអះអាងថា មីក្រូ សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ សម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត ខណៈរាជរដ្ឋាភិបាលកំពុងជំរុញវិស័យមីក្រូ សហគ្រាសធុនតូច និងមធ្យមជាគោលដៅអាទិភាព ក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានេះ លោកបណ្ឌិតហ៊ុន ម៉ាណែតក៏ថ្លែងអបអរសាទរដល់ជ័យលាភី CEO Master Club ឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ប្រកបដោយសាមគ្គីភាព។
លោកបណ្ឌិត ក៏បានកោតសរសើរដល់សហគ្រិនកម្ពុជា ទាំងអស់ដែលបានចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេស តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ និងការបង្ហាញអំពីចំណុចវិជ្ជមានប្រកបដោយសក្តានុពលរបស់កម្ពុជា និងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស។
លោកបណ្ឌិត ហ៊ុន ម៉ាណែតក៏បានជំរុញឲ្យសហគ្រិន ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិនទាំងអស់ តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នា ក្នុងទីផ្សាសេរីប្រកបដោយតម្លាភាព និងទេពកោសល្យរៀងៗខ្លួន។
លោកបណ្ឌិតបានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយ ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលកម្រិតចំណេះទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ (TVET) រួមទាំងការស្វែងរកទីផ្សារ សម្រាប់ផលិតផលរបស់កម្ពុជានៅបរទេស៕