ដោយគង់ សូរិយា
ភ្នំពេញ: សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) បាននិងកំពុងគ្រោងរៀបចំកម្មវិធី និងព្រឹត្តិការណ៍សំខាន់ៗចំនួន៤ដើម្បីពង្រឹងសេវាកម្ម និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ ធ្នូកន្លងមកថា នៅឆ្នាំ២០១៩ខាងមុខសមាគមនឹងរៀបចំកម្មវិធីសំខាន់ៗជាច្រើនដូចជា ការបណ្តុះបណ្តាលភ្នាក់ងារទេសចរណ៍ ប្រកបដោយវិជ្ជា ជីវៈ តាមរយៈការអញ្ជើញគ្រូពីប្រទេសសឹង្ហបុរីមកបង្រៀនផ្ទាល់ អញ្ជើញការីទេសចរណ៍ពីក្រៅប្រទេសមកចាប់ដៃគូ និងធ្វើការសហការជាមួយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំប្រព័ន្ឋE-Marketing និងរៀបចំព្រឹត្តិការណ៍ពិព៌ណទេសចរណ៍ប្រចាំឆ្នាំ។
លោកស្រីបន្តថា “វិស័យទេសចរណ៍កម្ពុជានឹងកាន់តែមានភាពប្រសើរឡើង ហើយចំនួនភ្ញៀវទេសចរណ៍អន្តរជាតិនឹងកើនឡើងបន្ថែមទៀត”។
រដ្ឋមន្រ្តីទេសចរណ៍លោកថោង ខុនធ្លាប់បានសរសើរសមាគមនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្នុងការជំរុញលើកកំពស់ការផ្សព្វផ្សាយ និងលើកកំពស់ទេសចរណ៍ទៅកាន់ក្រៅប្រទេស ពិសេសជំរុញការលើកកំពស់ស្តង់ដាវិជ្ជាជីវៈក្នុងវិស័យនេះ។
យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៦,១លាននាក់នៅឆ្នាំនេះ ខណៈឆ្នាំ២០១៧កន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន៥,៦លាននាក់៕