ដោយៈ សុផារី
ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការ ក្នុងការជំរុញប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមរយៈច្បាប់វិនិយោគថ្មី និងកំណើនសេដ្ឋកិច្ច ដែលត្រូវបានព្យាករណ៍ថាមានលក្ខណៈល្អប្រសើរ បូកផ្សំនឹងការកើនឡើង នៃចំនួនបុគ្គលដែលមានទ្រព្យច្រើនផងដែរ។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ របស់គេហទំព័រអន្តរជាតិដ៏ល្បីល្បាញមួយគឺ Capgemini បានបង្ហាញថា ក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជា គឺជាទីតាំងប្រមូលផ្តុំរបស់សេដ្ឋីជាងបីពាន់នាក់ ដែលនេះជាហេតុផលសំខាន់ នាំឲ្យមានការចាប់អារម្មណ៍ ក្នុងការពង្រីកការលក់រាយ និង franchise ប្រណីត ដើម្បីចាប់យកចំណែកទីផ្សារដ៏មានសក្ដានុពលនេះ។
របាយការណ៍ដដែលនេះបង្ហាញថា “អាជីវកម្មអាហារ និងភេសជ្ជៈ និងម៉ូដសំលៀកបំពាក់ នៅតែជាចំណែកទីផ្សារលេចធ្លោ ក្នុងការពង្រីកទីផ្សារលក់រាយប្រណីតរបស់កម្ពុជា”។
ជាក់ស្តែង គម្រោង Naga៣ បាននិងកំពុងបន្តការអភិវឌ្ឍ ដោយភ្ជាប់ទៅកាន់ផ្សារទំនើបប្រណីតជាន់ក្រោមដី និងផ្សារលក់រាយបែបduty free នៃអាគារណាហ្គាវើលដ៍ និងណាហ្គាវើល២ ដែលបានបង្ហាញពីការពង្រីកខ្លួនរបស់ផ្សារលក់រយប្រណីត ដែលផ្តល់ជូននូវជម្រើសម៉ាកយីហោ លំដាប់ថ្នាក់កណ្តាល និងប្រណីតជាច្រើន។
បន្ថែមលើសនេះ ក្រុមហ៊ុន Confluences ក៏បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានសហការជាមួយក្រុមហ៊ុន លក់រាយប្រណីត Bluebell និងក្រុមហ៊ុនប្រឹក្សា CGHP Beespoke ដើម្បីបើកដំណើរការទីផ្សារប្រណីតបារាំង ដំបូងគេក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ នៅក្នុងអាគារ The Peak ដែលជាផ្សារទំនើបមានទំហំជាង12.000ម៉ែត្រការ៉េផងដែរ៕