ដោយ: លាងហួរ
ប៉េកាំង: យោងតាមគេហទំព័រទេសចរណ៍ KAYAK ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Booking Holdings Inc បានរាយការណ៍ថា តម្រូវការស្វែងរកសណ្ឋាគារ ក្នុងស្រុកនៅប្រទេសចិន បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសនេះបានបន្ធូរបន្ថយ ការរឹតបន្តឹងវិធានការកូវីដសូន្យ របស់ខ្លួន។
KAYAK បានរាយការណ៍មកថា ការស្វែងរកសណ្ឋាគារបានកើនឡើងលើសពី១០០ភាគរយ នៅក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន និងកើនជាង៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។
នាយកប្រតិបត្តិគេហទំព័រ KAYAK លោក Steve Hafner បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរំពឹងថាទីផ្សារធ្វើដំណើររបស់ប្រទេសចិន នឹងបើកឡើងវិញយ៉ាងពេញលេញ”។
ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ បានប្រកាសធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះវិធានការសូន្យកូវីដ ដ៏ម៉ឺងម៉ាត់របស់ខ្លួន ចាប់តាំងពីជំងឺកូវីដ បានរីករាលដាលកាលពី៣ឆ្នាំមុន ។
ចំណែក ការស្រាវជ្រាវស្វែងរកនៅលើវេទិកា ធ្វើដំណើរផ្សេងទៀតដូចជា Trip.com ក៏បានកើនឡើងផងដែរកាលពីសប្តាហ៍មុន ខណៈដែលសាធារណជនបានអបអរសាទរ ចំពោះការបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើររបស់ប្រទេសចិន៕