ដោយ: លាងហួរ
ភ្នំពេញ: អាជីវកម្មជាង២០.០០០ និងទំហំទុនវិនិយោគចំនួន៥,៧ពាន់លានដុល្លារ ត្រូវបានចុះឈ្មោះជាមួយប្រព័ន្ធចុះបញ្ជី ពាណិជ្ជកម្មតាមអ៉ីធឺណិតគិតត្រឹមថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃទី១២ ខែធ្នូ អាជីវកម្មចំនួន២០.១៨៩ ត្រូវបានអនុម័តជាមួយនឹងដើមទុនវិនិយោគ ក្នុងទំហំទឹកប្រាក់សរុបចំនួន៥,៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអ៊ីនធឺណិត ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ដដែលបានបន្តថា ឈ្មោះអាជីវកម្មចំនួន១២.៧៤២របស់ក្រុមហ៊ុននានា កំពុងស្ថិតក្នុងដំណាក់កាលនៃការអនុម័ត ដោយឈ្មោះអាជីវកម្មចំនួន២ត្រូវបានច្រានចោល។
ទំហំនៃតម្លៃវិនិយោគ តាមវិស័យត្រូវបាននាំមុខគេ ដោយវិស័យសំណង់ ដែលមានទឹកប្រាក់សរុបចំនួន៩៧១លានដុល្លារ។ បន្ទាប់មកគឺវិស័យអចលនទ្រព្យ មានទឹកប្រាក់សរុបចំនួន៧០១លានដុល្លារ សកម្មភាព ប្រឹ ក្សាគ្រប់គ្រងមានចំនួន២៩៣លានដុល្លារ។ ការផលិតមានទឹកប្រាក់ចំនួន២៧៥លានដុល្លារ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួន២៥៩ លានដុល្លារ និងវិស័យផ្សេងៗទៀតមានចំនួន៣,២លានដុល្លារ ។
របាយការណ៍ដដែលបានចង្អុលបង្ហាញថា អាជីវកម្ម ដែលគ្រប់គ្រងដោយបុរសមានចំនួន៦២ភាគរយ នៃអាជីវកម្មដែលបានចុះបញ្ជីសរុប។
រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជី ពាណិជ្ជកម្មតាមអ៉ឺនធឺណិត នេះ កាលពីខែមិថុនា ឆ្នាំ២០២២៕