ដោយៈ សុផារី
ភ្នំពេញៈ ក្នុងរយៈពេល១០ខែឆ្នាំ២០២២ ការប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន២១.០២៨ពាន់លានរៀល ស្មើនឹងប្រមាណជាង៥ពាន់លានដុល្លារ ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិមាន១៩ .៥៨៧ពាន់លានរៀល ស្នើនឹងប្រមាណ៤,៨ពាន់លានដុល្លារ។
នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល ប្រចាំខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយចុងក្រោយបង្អស់បានបង្ហាញថា ការអនុវត្តថវិកាថ្នាក់ជាតិនេះ ធ្វើឱ្យមានអតិរេក ពោលគឺចំណូលច្រើនជាង ចំណាយសរុប១.៤៤១ពាន់លានរៀល ស្មើនឹងប្រមាណជាង៣៥០លានដុល្លារ។
របាយការណ៍បញ្ជាក់ថា បន្ទាប់ពីខកខាននូវការសម្រេចបានអតិរេក ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា គឺ១០ខែដើម ឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩ ការអនុវត្តថវិកាជាតិឆ្នាំ២០២២ ចាប់ផ្តើមសម្រេចបានអតិរេកមកវិញ តែស្ថិតក្នុងកម្រិតទាបជាងឆ្នាំ២០១៩។
ការប្រមូលចំណូលចំណូលសម្រាប់ឆ្នាំ២០២២នេះ រំពឹងអាចសម្រេចបាន លើសផែនការដែលបានកំណត់ ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ បើធៀបនឹងរយៈពេលអនុវត្តដូចគ្នាឆ្នាំ២០២១ ការប្រមូលចំណូលសរុបថ្នាក់ជាតិ កើនឡើង២១,៨៩% ក្នុងនោះចំណូលពន្ធកើនឡើង២៧,៥៨% ចំណូលមិនមែនពន្ធកើនឡើង២៦,៦១% តែផ្ទុយទៅវិញចំណូលពីអំណោយធ្លាក់ចុះ៤៦,៨៧%។
ការកើនឡើងខ្ពស់នៃការប្រមូលចំណូលពន្ធ គឺគាំទ្រដោយចំណូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ និងចំណូលពន្ធលើទំនិញ និងសេវាប្រើប្រាស់ ដែលបានកើនឡើង២៧,០៤% និង២៨,៧៦% រៀងគ្នា ខណៈដែលកំណើននៃការប្រមូលចំណូលមិនមែនពន្ធ គាំទ្រដោយចំណូលពីប្រៃសណីយ៍ និងទូរគមនាគមន៍ និងចំណូលពីការផ្តល់ទិដ្ឋាការ ដែលបានកើនឡើង១៥០,០៧% និង៦៤,៤៣%។
ជាមួយគ្នានេះ ការអនុវត្តចំណាយសរុបថ្នាក់ជាតិ បានថយចុះ៨,៩១%។ ក្នុងនោះចំណាយមូលធនថយចុះ១៥,២០% ចំណាយដោយហិរញ្ញប្បទានក្នុងស្រុកថយចុះ១២,៥១% និងចំណាយដោយហិរញ្ញប្បទានក្រៅស្រុកថយចុះ១៧,៩៥% និងចំណាយចរន្ដថយចុះ៥,៤៥%៕