ទីផ្សារលក់រាយផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីអាចបន្តដណ្តើមចំណែក ទីផ្សារពីអ្នកលក់រាយអនឡាញ

0

ដោយៈ សុផារី

ភ្នំពេញៈ ការទិញទំនិញតាមរយៈអនឡាញ បានក្លាយជានិន្នាការថ្មីមួយ ហើយក៏បានកំពុងប្រកួតប្រជែង ដណ្តើមចំណែកទីផ្សារពីផ្សារទំនើប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដើម្បីអាចបន្តឈានមុខនៅក្នុងទីផ្សារ ទីផ្សារលក់រាយតាមផ្សារទំនើបបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយព្យាយាមបន្ថែមនូវអ្វី ដែលការទិញទំនិញអនឡាញមិនមាន។

លោកLawrence Lennon អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែធ្នូកន្លងមកថា ទោះបីកន្លងមកមានការផ្លាស់ប្តូរទម្លាប់ នៅក្នុងការទិញទំនិញពីក្នុងហាង មកទិញទំនិញតាមអនឡាញច្រើនជាងមុនក្តី ប៉ុន្តែអចលនទ្រព្យប្រភេទលក់រាយនៅតែបន្តរីកចម្រើនទៅមុខទៀត។

យ៉ាងណាក្តី នៅតាមផ្សារទំនើបនានា នៅក្នុងទីក្រុងភ្នំពេញបានកំពុងក្លាយជាទីតាំងសម្រាប់ “កំសាន្ត” ច្រើនជាង “ទីកន្លែងទិញទំនិញ” ដោយ​សារតែ ត្រូវប្រឈមនឹងការប្រកួតប្រជែង ពីសំណាក់អ្នកលក់នៅតាមអនឡាញ។ នេះបើយោងតាមការបញ្ជាក់របស់លោក Lennon។

លោកគូសបញ្ជាក់ថា “ថ្វីត្បិតតែមានការផ្លាស់ប្តូរទម្លាប់ខ្លះ ដោយសារតែកូវីដ១៩នាពេលកន្លងមកក៏ដោយ ក៏ផ្សារទំនើបត្រូវបានគេមើលឃើញថា នៅតែជាមជ្ឈមណ្ឌលសម្រាប់កំសាន្ត ជាជាងសម្រាប់តែការទិញទំនិញតែមួយមុខ”។

លោកបានបន្តទៀតថា “កន្លែងទាំងនេះ ឥឡូវនេះ កំពុងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើន ទៅលើការទាក់ទាញ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ ជាជាងការលក់រាយ តែមួយមុខ ដើម្បីជាមធ្យោបាយមួយអាចប្រកួតប្រជែង ជាមួយនឹងអ្នកលក់រាយតាមអ៊ីនធឺណិតបាន”។

ជាក់ស្តែង ផ្សារទំនើប Aeon មានជ័យ ដែលទើបបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូកន្លងមក ក៏បានរចនា និងរៀបចំនូវកន្លែងទស្សនាកំសាន្តប្លែក​ៗជាច្រើន ក្រៅពីហាងអាហារ ហាងលក់សម្លៀកបំពាក់ ផ្សារលក់រាយ កន្លែងហាត់ប្រាណ និងថែរក្សាសម្ផស្ស ជាដើម។

យោងតាមទិន្នន័យស្រាវជ្រាវដោយ ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ទីផ្សារលក់រាយនៅក្នុងក្រុងភ្នំពេញ នឹងមានការផ្គត់ផ្គង់ថ្មីប្រហែល២០៧.០០០ម៉ែត្រការ៉េ នៅដំណាច់ឆ្នាំ២០២២នេះ ដោយប្រហែ​ល៧០ភាគរយ នៃកន្លែងនោះមានទីតាំងនៅក្នុងផ្សារទំនើប៕

LEAVE A REPLY

Please enter your comment!
Please enter your name here