ដោយៈ សុខុម
សៀងហៃ: ទិន្នផលសេដ្ឋកិច្ចរបស់មហាយក្សចិន ទំនងជាមានទំហំលើសពី១២០ទ្រីលានយ័ន (១៧,២ទ្រីលានដុល្លារ) នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន ក្នុងស្រុកបានចុះផ្សាយ ដោយដកស្រង់សម្តីមន្ត្រីបក្សកុម្មុយនីស្តចិន ជាន់ខ្ពស់កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ។
វិបត្តិកូវីដ-១៩ បានតម្រូវការធ្លាក់ចុះទាំងក្នុងស្រុក និងនៅបរទេស និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យចិន បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនៅឆ្នាំនេះ។
លោក Han Wenxiu អនុប្រធានការិយាល័យទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃបក្សកុម្មុយនីស្តចិន ត្រូវបានទូរទស្សន៍រដ្ឋចិន CCTV ដកស្រង់សម្ដីយកមកផ្សាយថា “មានគម្លាតរវាងកំណើនសេដ្ឋកិច្ច និងគោលដៅរំពឹងទុក ដែលបានកំណត់នៅដើមឆ្នាំនេះ ប៉ុន្តែសូចនាករផ្សេងទៀតជាច្រើនផ្សេងទៀត បានបង្ហាញលទ្ធផលល្អប្រសើរជាង”។
យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យផ្លូវការបង្ហាញថា ការរំពឹងទុករបស់លោក Han Wenxiu ថាទិន្នផលសេដ្ឋកិច្ចសរុប នឹងមានទំហំលើសពី១២០ទ្រីលានយ័ន (១៧,២ទ្រីលានដុល្លារ) នៅក្នុងឆ្នាំ២០២២ នេះគឺស្មើនឹងកំណើនផលទុនជាតិសរុប (GDP) ៤,៩%ធៀបនឹងឆ្នាំ២០២១។
ជាក់ស្ដែងសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើនត្រឹមតែ៣%ប៉ុណ្ណោះ ក្នុង៣ត្រីមាសដើមឆ្នាំ២០២២។
អ្នកជំនាញសេដ្ឋកិច្ចជាច្រើនរំពឹងថា កំណើនសេដ្ឋកិច្ចចិន នឹងនៅតែស្ថិតក្នុងអត្រា៣% សម្រាប់ឆ្នាំ២០២២ទាំងមូល បើធៀបនឹងគោលដៅកំណើនផ្លូវការ “ប្រមាណ៥,៥%”។
ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs បានលើកឡើងកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា “ផ្អែកតាមការវិនិច្ឆ័យលើស្ថានភាពកូវីដ-១៩ ដែលកាន់តែធ្ងន់ធ្ងរទៅៗ និងទិន្នន័យប្រចាំខែរហូតមកទល់ពេលនេះបង្ហាញថា សេដ្ឋកិច្ចរបស់ចិនសម្រាប់ខែធ្នូ អាចនឹងធ្លាក់ចុះបន្ថែមទៀត”៕Reuters៕