ដោយ៖ លាងហួរ
ភ្នំពេញ: កម្ពុជាកំពុងក្លាយជាប្រទេសដ៏លេចធ្លោ និងមានសក្តានុពលរីកចម្រើនលើគ្រប់វិស័យនៅក្នុងតំបន់ ស្របពេលវិនិយោគិនបរទេសជាច្រើនសម្លឹងឃើញប្រទេសនេះជាគោលដៅវិនិយោគ ដោយសារមានកត្តាអំណោយផលនិងទាក់ទាញជាច្រើន។
ប្រទេសកម្ពុជានឹងមានសភាកសិកម្មមួយ ដែលធំជាង និងតំណាងជាងសហព័ន្ធស្រូវអង្ករទៅទៀតនៅក្នុងពេលឆាប់ៗនេះ។
លើសពីនោះ ការបើកសម្ពោធដំណើរការតុលាការពាណិជ្ជកម្មនៅឆ្នាំក្រោយ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ នឹងពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់ និងយន្តការសម្រាប់វិនិយោគិនអន្តរជាតិនៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តក្នុងបរិយាកាសទីផ្សារបើកចំហ និងយុត្តិធម៌ ដោយផ្អែកលើ នីតិរដ្ឋ ស្តង់ដារពាណិជ្ជកម្មអន្តរជាតិ និងបទប្បញ្ញត្តិ។
យោងតាមអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់(AMRO)បានឱ្យដឹងថា អត្រាអតិផរណារបស់កម្ពុជាមានកម្រិតទាបជាង បើធៀបនឹងបណ្តាប្រទេសភាគច្រើនផ្សេងទៀតនៅក្នុងតំបន់។
ដោយសារតែមានអត្រាអតិផរណាទាបនោះហើយ ទើបកម្ពុជាក្លាយជាប្រទេសមានអំណាចនៃការទិញដ៏ខ្ពស់មួយ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់។បូករួមនឹងគោលនយោបាយរូបិយបណ្ណដែលដំណើរការដោយប្រាក់ដុល្លារអាមេរិករបស់យើង នឹងជំរុញឱ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែមានស្ថិរភាព។
ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងចាប់ផ្តើមប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការបំភាយកាបូន ថ្លៃដើមអគ្គិសនី និងការផលិតថាមពលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់យើងបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណេញសម្រាប់ឧស្សាហកម្មប្រើប្រាស់ថាមពលខ្ពស់។
កម្ពុជានឹងមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យនេះសម្រាប់ការវិនិយោគរយៈពេលវែង និងមធ្យម ដែលនេះជាចំណុចសំខាន់សម្រាប់វិនិយោគិនអន្តរជាតិគួរកត់សម្គាល់នៅពេលពិចារណាមកបណ្តាក់ទុននៅកម្ពុជា។
ចំណែក វិស័យធនាគារនៅកម្ពុជា ក៏នឹងមានការរីកចម្រើនជាលំដាប់ ដោយមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើកសាខាកាន់តែច្រើនឡើងៗក្នុងប្រទេសកម្ពុជា ដោយសារអតិថិជនដាក់ប្រាក់បញ្ញើកាន់តែខ្ពស់ និងមានតម្រូវការកម្ចីពាណិជ្ជកម្ម និងកម្ចីទិញផ្ទះកាន់តែខ្ពស់ពីធនាគារ។ ជាភាពជាក់ស្តែង ធនាគារ ABA កាន់តែច្រើនឡើងៗបានបើក និងពង្រីកសាខារបស់ខ្លួន នៅទូទាំងប្រទេសក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
នេះមិនមែនជាទ្រឹស្ដីសេដ្ឋកិច្ចទៀតនោះទេ ប៉ុន្តែជាមួយនឹងអង្គហេតុ និងភ័ស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ បានឆ្លុះបង្ហាញឱ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវឆ្ពោះទៅក្លាយជាប្រទេសខ្លាសេដ្ឋកិច្ចអាស៊ីនៅក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។
បើយើងងាកក្រឡេកមកមើលវិស័យអចលនទ្រព្យកម្ពុជាវិញម្តង នោះអ្នកគ្រប់គ្នាប្រាកដជាបានឃើញហើយថា សំណង់អគារចំនួនជាង១០០០កន្លែងនៅខេត្តព្រះសីហនុកំពុងជាប់គាំង ហើយនៅរាជធានីភ្នំពេញក៏មានករណីនេះផងដែរ។
ដើម្បីឆ្លើយតបចំពោះបញ្ហានេះ មធ្យោបាយគឺត្រូវគ្រប់គ្រងបន្ថែមទៀតដោយរដ្ឋាភិបាល ឬតាមរយៈការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ដើម្បីឱ្យមូលនិធិដែលបានស្នើឡើង និងការប្រើប្រាស់មូលនិធិត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់របស់និយតករកម្ពុជា។
ក្រុមវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅពេលដែលពួកគេយល់ជ្រាបអំពីវិធី ដែលមូលនិធិត្រូវបានលើកឡើងដោយស្របច្បាប់ និងរបៀបប្រើប្រាស់មូលនិធិឱ្យបានត្រឹមត្រូវ ដូចដែលត្រូវបានគ្រប់គ្រងដោយនិយតករកម្ពុជា។
និយតករអាចធានាថាមូលនិធិត្រូវបានប្រើប្រាស់ និងអនុលោមតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន ក្នុងករណីក្រុមហ៊ុនដែលបានចុះបញ្ជីប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ។
លើសពីនេះ និយតករអាចដើរតួនាទីជាអ្នកធានា ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនបរទេសមានទំនុកចិត្តយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
វាក៏នឹងពង្រឹងក្រុមហ៊ុនឯកជនកម្ពុជាឱ្យកែលម្អតារាងតុល្យការ និងរបាយការណ៍ប្រាក់ចំណេញ និងការខាតបង់ ព្រមទាំងផែនការអាជីវកម្ម និងប្រតិបត្តិការក្នុងរយៈពេល៥ទៅ១០ឆ្នាំរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលគណៈកម្មការមូលបត្រឱ្យចុះបញ្ជីក្រុមហ៊ុនរបស់ពួកគេនៅក្នុងផ្សារហ៊ុនកម្ពុជា។
កម្ពុជាក៏ជាប្រទេសមានប្រាក់ចំណូលខ្ពស់លើការវិនិយោគ និងភាគលាភខ្ពស់បំផុតមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ខណៈកម្ពុជាប្រកាន់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណចម្បងរបស់ខ្លួន៕